អដ្ឋកថា មោឃរាជ
លោកធ្វើកុសលដរាបដល់អស់ជីវិត អន្ទោលទៅមក ក្នុងទេវតា និងមនុស្ស បដិសន្ធិក្នុងផ្ទះអមាត្យ ក្នុងនគរកដ្ឋវាហនៈ មុនព្រះ ទសពលព្រះនាមកស្សបៈទ្រង់កើតឡើង ។ បន្ទាប់មក កាលចម្រើនវ័យ ហើយ ចូលគាល់ព្រះបាទកដ្ឋវាហនៈ ក៏បានតំណែងជាអមាត្យ ។ សម័យនោះ ព្រះកស្សបទសពលទ្រង់កើតឡើងក្នុងលោកហើយ ព្រះបាទកដ្ឋវាហនៈទ្រង់ បានដំណឹងថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ត្រាស់ហៅអមាត្យនោះមក ត្រាស់ថា នែបា ព្រះពុទ្ធកើតឡើងហើយក្នុងលោក បុគ្គលណាម្នាក់ មិនអាច ធ្វើនគរបច្ចន្តបទេសនេះឲ្យទំនេរចាកយើងទាំង ២ ព្រមៗ គ្នាបានឡើយ ដូច្នេះ អ្នកចូរទៅកាន់មជ្ឈិមប្រទេស ចូរដឹងថា ព្រះពុទ្ធកើតឡើងហើយ ហើយនាំ ព្រះទសពលមកកាន់នគរបច្ចន្តបទេសនេះ ហើយទ្រង់បញ្ជូនអមាត្យនោះទៅ មួយអន្លើដោយបុរស ១០០០ នាក់ ។ អមាត្យនោះទៅកាន់សម្នាក់ព្រះមុនី ស្តាប់ធម្មកថា បាននូវសទ្ធាហើយ ក៏បួសក្នុងទីនោះតាមលំដាប់ ក៏បានធ្វើ សមណធម៌អស់ ២ ម៉ឺនឆ្នាំ ឯបុរសដែលទៅជាមួយអមាត្យនោះត្រឡប់មកកាន់ សម្នាក់ព្រះរាជាទាំងអស់ ។ ព្រះថេរៈនេះ មានសីលបរិបូណ៌ ធ្វើកាលកិរិយាហើយ អន្ទោលទៅមកក្នុងទេវតា និងមនុស្សអស់មួយពុទ្ធន្តរ បដិសន្ធិ ក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងសាវត្ថី មុនព្រះទសពលនៃយើងកើតឡើង មាតាបិតាបានដាក់ឈ្មោះថា មោឃរាជមាណព ឯព្រះបាទកដ្ឋវាហនៈទ្រង់ធ្វើ កុសលឲ្យក្រៃលែងឡើងដល់ព្រះមានព្រះភាគកស្សបៈ មួយអន្លើដោយបរិវារ វិលវល់ក្នុងទេវតា និងមនុស្សអស់មួយពុទ្ធន្តរ បដិសន្ធិក្នុងត្រកូលបុរោហិត នាក្រុងសាវត្ថី មុនព្រះទសពលនៃយើងទ្រង់កើតឡើង មាតាបិតាដាក់ឈ្មោះ ថា ពាវរីមាណព សម័យក្រោយមក ពាវរីមាណពរៀនត្រៃវេទ ត្រាច់ បង្រៀនសិប្បៈដល់មាណព ១៦០០០ នាក់ ។