មហាបជាបតីគោតមី
ក្បាលទី 25 · ទំព័រ 576
ប្រវត្តិ ព្រះនាងមហាបជាបតីគោតមីថេរី ក្នុងសូត្រទី ១ នោះ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ដោយ បទថា យទិទំ មហាបជាបតីគោតមី លោកសម្តែងថា ព្រះនាងមហាបជាបតីគោតមី ជាកំពូលជាងភិក្ខុនីសាវិកា អ្នកដឹងរាត្រីយូរ ក្នុងបញ្ញាកម្ម របស់នាងមានរឿងដែលពោលតាមលំដាប់ដូច្នេះ បានឮថា ព្រះនាងបជាបតីគោតមីនេះ ក្នុងពុទ្ធកាលព្រះពុទ្ធព្រះនាម បទុមុត្តរៈ បដិសន្ធិក្នុងផ្ទះត្រកូល នាក្រុងហង្សវតី ។ សម័យតមក កំពុង ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុនីមួយ រូប ទុកក្នុងតំណែងឯតទគ្គៈ ជាងពួកភិក្ខុនីសាវិកា អ្នកដឹងរាត្រីយូរ ក៏ ធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ នាងធ្វើទាន រក្សាសីល ដរាបដល់អស់ជីវិត ចុតិអំពីភពនោះហើយ កើតក្នុងទេវលោក ចុតិអំពី ទេវលោក ក្នុងពុទ្ធន្តរមួយទៀត កើតជាប្រធានទាសីចំនួន ៥០០ នាក់ ក្នុង ក្រុងពារាណសី ។