ឧប្បលវណ្ណា
ក្បាលទី 25 · ទំព័រ 587
ប្រវត្តិ ព្រះនាងឧប្បលវណ្ណាថេរី ក្នុងសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ឧប្បលវណ្ណា បានដល់ ព្រះថេរីមានឈ្មោះយ៉ាងនេះ ក៏ព្រោះប្រកបដោយពណ៌សម្បុរដូច ផ្កាឧប្បល ។ បានឮថា ឧប្បលវណ្ណាថេរីនេះ ក្នុងកាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ បដិសន្ធិក្នុងត្រកូលមួយ នាក្រុងហង្សវតី ក្រោយមកទៅកាន់សម្នាក់ព្រះសាស្តា មួយអន្លើដោយមហាជន កំពុងស្តាប់ធម៌ ឃើញព្រះសាស្តាស្ថាបនា ភិក្ខុនីមួយរូបទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងភិក្ខុនីសាវិកាខាងមានឫទ្ធិ ទើបថ្វាយទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ ៧ ថ្ងៃ ប្រាថ្នាតំណែង នោះ ។