អដ្ឋកថា នន្ទា
ប្រវត្តិ ព្រះនាង នន្ទាថេរី ក្នុងសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ឈាយីនំ យទិទំ នន្ទា លោកសម្តែងថា នន្ទាថេរីជាកំពូលជាងពួកភិក្ខុនីសាវិកា ដែល ត្រេកអរក្នុងឈាន ។ ព្រះនាងនន្ទាថេរីនោះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតឡើង នាងបដិសន្ធិក្នុងត្រកូល នាក្រុងហង្សវតី ។ បន្ទាប់មក កំពុងស្តាប់ ធម្មកថា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុនីមួយរូប ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកភិក្ខុនីសាវិកា ដែលត្រេកអរក្រៃលែងក្នុងឈាន ទើបធ្វើ កុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ បន្ទាប់អំពីនោះ នាងក៏ អន្ទោលក្នុងទេវតា និងមនុស្សអស់មួយសែនកប្ប បដិសន្ធិក្នុងព្រះគភ៌របស់ ព្រះនាងមហាបជាបតិគោតមី មុនព្រះសាស្តានៃយើងកើតឡើង ។ ព្រះញាតិ បានថ្វាយព្រះនាមថា នន្ទា ហៅថា រូបនន្ទា ។ បន្ទាប់មក ព្រះនាងបាន ឈ្មោះថា ជនបទកល្យាណី ព្រោះមានព្រះសិរីស្អាតល្អ ។ កាលព្រះ ទសពលនៃយើង ទ្រង់សម្រេចព្រះសព្វញ្ញុតញ្ញាណហើយ យាងមកក្រុង កបិលពស្តុតាមលំដាប់ ទ្រង់ឲ្យព្រះនន្ទ និងព្រះរាហុលបួសហើយទ្រង់ចៀស ចេញទៅហើយ ។ ក្នុងកាលព្រះបាទសុទ្ធោទនមហារាជបរិនិព្វានហើយ ព្រះនាង ជ្រាបថា ព្រះនាងមហាបជាបតិគោតមី និងព្រះមាតារបស់ព្រះរាហុល ស្តេចចេញសាងព្រះផ្នួសក្នុងសម្នាក់ព្រះសាស្តា ហើយព្រះតម្រិះថា តាំងអំពី ព្រះមាតាមហាបជាបតិគោតមី និងព្រះមាតាព្រះរាហុលទ្រង់បួសហើយ ខ្ញុំក៏ មានការក្នុងទីនេះ ទើបទៅសម្នាក់ព្រះនាងមហាជាបតិគោតមី ព្រះនាងបួស ហើយ ។