សកុលា
ប្រវត្តិ ព្រះនាង សកុលាថេរី ក្នុងសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ដោយបទថា ទិព្វចក្ខុកានំ យទិទំ សកុលា លោកសម្តែងថា ព្រះសកុលាថេរី ជាកំពូលជាង ពួកភិក្ខុនីសាវិកា ដែលមានចក្ខុទិព្វ ។ បានឮថា ព្រះនាងសកុលាថេរីនេះ ក្នុងកាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតឡើងក្នុងត្រកូលមួយ បន្តមក ស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញ ព្រះសាស្តាកំពុងស្ថាបនាភិក្ខុនីមួយរូប ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាង ពួកភិក្ខុនីសាវិកា ដែលមានទិព្វចក្ខុ ធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នានូវ តំណែងនោះ ។ នាងអន្ទោលក្នុងទេវតា និងមនុស្សអស់សែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ នាក្រុងសាវត្ថី បន្ទាប់មក ស្តាប់ធម្មទេសនារបស់ព្រះសាស្តា បាននូវសទ្ធា ហើយក៏បួស មិនយូរបុន្មាន ក៏ សម្រេចអរហត្ត ។ តាំងអំពីនោះមក នាងជាអ្នកជំនាញក្នុងទិព្វចក្ខុ ។ ក្រោយ មក ព្រះសាស្តាប្រថាប់គង់ក្នុងជេតពនវិហារ កាលទ្រង់ស្ថាបនាពួកភិក្ខុនីទុក ក្នុងតំណែងឯតទគ្គៈផ្សេងៗ ទើបទ្រង់ស្ថាបនាព្រះថេរីនេះ ទុកក្នុងតំណែង ឯតទគ្គៈ ជាកំពូលជាងពួកភិក្ខុនីសាវិកា ដែលមានទិព្វចក្ខុ ដូច្នេះ ។