កិសាគោតមី
ក្បាលទី 25 · ទំព័រ 632
ប្រវត្តិ ព្រះនាង កិសាគោតមីថេរី ក្នុងសូត្រទី ១២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា លូខចីវរធរានំ លោកសម្តែងថា ព្រះនាងកិសាគោតមី ជាកំពូលនៃភិក្ខុនីសាវិកា ដែល ទ្រទ្រង់សំពត់បង្សុកូល ដែលប្រកបដោយភាពសៅហ្មងដូច្នេះ នាងឈ្មោះថា គោតមី តែគេតែងហៅថា កិសាគោតមី ព្រោះជាអ្នកមានរូបរាងស្គមបន្តិច ។ ព្រះថេរីនេះ កាលព្រះសម្មាសម្ពុទ្ធព្រះនាមបទុមុត្តរៈ នាងកើតក្នុង ត្រកូលមួយ នាក្រុងហង្សវតី ស្តាប់ធម្មទេសនារបស់ព្រះសាស្តាហើយ ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុនីមួយរូប ទុកក្នុងតំណែងឯតទគ្គៈ ជា កំពូលជាងពួកភិក្ខុនីសាវិកា ខាងទ្រទ្រង់សំពត់សៅហ្មង ទើបធ្វើកុសលឲ្យ ក្រៃលែងឡើង ប្រាថ្នាតំណែងនោះ នាងអន្ទោលទៅក្នុងទេវតា និងមនុស្ស អស់មួយសែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលក្រីក្រមួយ ក្នុង ក្រុងសាវត្ថី លុះចម្រើនវ័យហើយ ក៏ទៅកាន់ការគ្រប់គ្រងផ្ទះ ។