តបុស្សពាណិជ
ក្បាលទី 25 · ទំព័រ 638
ឯតទគ្គៈបលិ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសកអ្នកដល់សរណៈជា បឋម ដែលជាសាវ័ករបស់តថាគត ស្រេចនឹងតបុស្សពាណិជ និងភល្លិកពាណិជប្រសើរជាងគេ ។ ពួកឧបាសកជាទាយក ( អ្នកឲ្យទាន ) ស្រេច នឹងសុទត្តគហបតី គឺអនាថបិណ្ឌិកសេដ្ឋី ។ ពួកឧបាសកជាធម្មកថិក ស្រេច នឹងចិត្តគហបតី ដែលនៅក្នុងស្រុកមច្ឆិកសណ្ឌ ។ ពួកឧបាសកអ្នកសង្គ្រោះ បរិសទ្យឲ្យដោយសង្គហវត្ថុ ៤ ប្រការ ស្រេចនឹងហត្ថកអាឡវកៈ ។ ពួក ឧបាសកអ្នកឲ្យភោជនមានរសដ៏ឧត្តម ស្រេចនឹងមហានាមសក្កៈ ។ ពួក ឧបាសកអ្នកឲ្យភោជនជាទីគាប់ចិត្ត ស្រេចនឹងឧគ្គគហបតីអ្នកនៅក្នុងក្រុង វេសាលី ។ ពួកឧបាសកអ្នកបម្រើសង្ឃ ស្រេចនឹងឧគ្គតគហបតី ។ ពួក ឧបាសកអ្នកជ្រះថ្លាមិនកម្រើក ស្រេចនឹងសូរអម្ពដ្ឋ ។ ពួកឧបាសកអ្នកញ៉ាំង បុគ្គលឲ្យជ្រះថ្លា ស្រេចនឹងជីវកកោមារភច្ច ។ ពួកឧបាសកអ្នកចេះនិយាយ ឲ្យអ្នកដទៃស្និទ្ធស្នាល ស្រេចនឹងនកុលបិតាគហបតី ។