ភល្លិកពាណិជ

ក្បាលទី 25 · ទំព័រ 639

ក្នុងសូត្រទី ១ វគ្គទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បឋមំ សរណំ គច្ឆន្តានំ លោកសម្តែងថា ឈ្មួញ ២ នាក់ គឺតបុស្សៈ ១ ភល្លិកៈ ១ ជាកំពូលជាងពួកឧបាសក ដែលដល់សរណៈមុនមនុស្ស ទាំងពួង ។ បានឮថា ឈ្មួញទាំង ២ នេះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ គាត់ បដិសន្ធិក្នុងត្រកូលមួយ នាក្រុងហង្សវតី ។ ចំណេរតមក បានស្តាប់ធម្មទេសនារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាឧបាសក ២ នាក់ ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសក ដែលដល់សរណៈដំបូង ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ ជនទាំង ២ អន្ទោល ស្លាប់កើតក្នុងទេវតា និងមនុស្សអស់មួយសែនកប្ប កើតក្នុងផ្ទះកុដុម្ពិកៈ ក្នុង អសិតញ្ជននគរ មុនព្រះពោធិសត្វនៃយើងទ្រង់សម្រេចសព្វញ្ញុតញ្ញាណ បង ប្រុសឈ្មោះតបុស្សៈ ប្អូនប្រុសឈ្មោះភល្លិកៈ ។