អដ្ឋកថា ហត្ថកអាឡវក
គាត់កើតក្នុងត្រកូលមួយ នាក្រុងហង្សវតី បន្ទាប់មក ស្តាប់ធម្មកថារបស់ ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាឧបាសកម្នាក់ ដែលប្រកបដោយ សង្គហវត្ថុ ៤ ទុកក្នុងតំណែងឯតទគ្គៈ ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នានូវតំណែងនោះ ។ គាត់អន្ទោលក្នុងទេវតា និងមនុស្សអស់មួយសែន កប្ប ក្នុងពុទ្ធុប្បាទកាលនេះ បដិសន្ធិក្នុងព្រះរាជនិវេសន៍របស់ព្រះបាទ អាឡវកៈ ក្រុងអាឡវី ដែនអាឡវី ស្អែកឡើង ក៏ត្រូវបញ្ជូនខ្លួនទៅឲ្យ អាឡវកយក្ខ មួយអន្លើដោយថាសអាហារ ក្នុងរឿងនោះ មានរឿងពោល តាមលំដាប់ដូច្នេះ បានឮថា ថ្ងៃមួយ ព្រះបាទអាឡវកៈប្រពាតព្រៃបាញ់សត្វ ទ្រង់ដេញ តាមម្រឹគមួយ សម្លាប់បានហើយ កាត់ជា ២ កំណាត់ ចងត្រង់ចុងធ្នូរែក ត្រឡប់មក មានព្រះវរកាយហត់នឿយ ព្រោះខ្យល់ និងកម្តៅថ្ងៃ ទើបយាង ចូលទៅប្រថាប់គង់ត្រង់គល់ជ្រៃ ដែលមានម្លប់ត្រជាក់ ។ ខណៈនោះ ព្រះរាជា បន្ទោបង់នូវការនឿយលំបាកមួយស្របក់ហើយ យាងចេញមក ទេវតា ( យក្ខ ) ដែលអាស្រ័យនៅត្រង់ដើមជ្រៃ ក៏ចាប់ព្រះហស្ត ព្រមទាំងពោល ថា ឈប់ ឈប់ អ្នកត្រូវជាអាហារបស់ខ្ញុំ ។ ព្រោះត្រូវចាប់យ៉ាងមាំ ព្រះរាជា ទ្រង់ក៏មិនឃើញឧបាយដទៃ ទើបត្រាស់ថា ខ្ញុំនឹងបញ្ជូនថាសអាហារ និង មនុស្សម្នាក់ ដល់អ្នករាល់ថ្ងៃ ទ្រង់យាងត្រឡប់ចូលព្រះនគរហើយ ។ តាំង អំពីនោះមក ក៏ទ្រង់បញ្ជូនថាសអាហារ ព្រមដោយមនុស្សម្នាក់អំពីគុក ។ ដោយទំនងនេះឯង កាលមនុស្សក្នុងគុកអស់ហើយ ពួកមនុស្សចាស់ៗ ក៏ត្រូវ