អដ្ឋកថា មហានាមសក្កៈ
ប្រវត្តិ ព្រះបទមហានាមសក្យៈ ក្នុងសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បណីតទាយិកានំ លោកសម្តែងថា ព្រះបាទមហានាមសក្យៈ ជាកំពូលជាងពួក ឧបាសក ដែលថ្វាយទានមានរសប្រណីត ។ បានឮថា ព្រះបាទមហានាមសក្យៈនោះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ លោកកើតក្នុងត្រកូលមួយ ក្នុងក្រុងហង្សវតី កំពុងស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាឧបាសកម្នាក់ ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសក ដែលថ្វាយទានមានរសប្រណីត ។ ទើបធ្វើកុសល ឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ លោកអន្ទោលក្នុងទេវតា និងមនុស្ស អស់មួយសែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងរាជត្រកូល ស្តេចសក្យៈ ក្រុងកបិលពស្តុ ។ ចម្រើនវ័យហើយ តាំងនៅក្នុងសោតាបត្តិផល ដោយ ការគាល់ព្រះទសពលលើកទី ១ បុណ្ណោះ ។ សម័យមួយ ព្រះសាស្តាទ្រង់ចាំ វស្សាក្នុងស្រុកវេរញ្ជាហើយ ចូលទៅក្រុងកបិលពស្តុដោយលំដាប់ ប្រថាប់ ក្នុងនិគ្រោធារាម ស្តេចមហានាមទ្រង់ជ្រាបថា ព្រះសាស្តាយាងមក ទើប ចូលទៅគាល់ ថ្វាយបង្គំហើយ ប្រថាប់គង់ក្នុងទីសមគួរ នាចំណែកម្ខាង ក្រាបទូលព្រះសាស្តាយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គបានឮ មកថា ភិក្ខុសង្ឃលំបាកដោយការត្រាច់បិណ្ឌបាត ក្នុងស្រុកវេរញ្ជា សូមទ្រង់ ប្រទានប្តេជ្ញាឲ្យខ្ញុំព្រះអង្គទំនុកបម្រុងភិក្ខុសង្ឃអស់កាល ៤ ខែចុះ ខ្ញុំព្រះអង្គ នឹងដាក់ឱជៈចូលទៅក្នុងសរីរៈរបស់ភិក្ខុសង្ឃ ។ ព្រះសាស្តាទ្រង់ទទួលដោយ តុណ្ហីភាព ស្តេចមហានាមទ្រង់ជ្រាបថា ព្រះមានព្រះភាគទ្រង់ទទួលហើយ តាំងអំពីថ្ងៃរះឡើង ក៏ទំនុកបម្រុងភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានដោយ ភោជនដ៏ប្រណីត និងរបស់មានរសឆ្លាញ់ ៤ ប្រភេទជាដើម ទទួលប្ត