សូរអម្ពដ្ឋ

ក្បាលទី 25 · ទំព័រ 660

ប្រវត្តិ សូរអម្ពដ្ឋឧបសក ក្នុងសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អវេច្ចប្បសន្នានំ លោកសម្តែងថា បុរពន្ធសេដ្ឋីឧបាសក ជាកំពូលជាងពួកឧបាសកអរិយសាវ័ក ដែលជ្រះថ្លាមិនកម្រើក ។ បានឮមកថា ឧបាសកនេះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ គាត់កើត ក្នុងត្រកូលមួយ នាក្រុងហង្សវតី ស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញព្រះសាស្តា ទ្រង់ស្ថាបនាឧបាសកម្នាក់ ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួក ឧបាសកដែលជ្រះថ្លាមិនញាប់ញ័រ ធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែង នោះ ។