អដ្ឋកថា សូរអម្ពដ្ឋ
គាត់អន្ទោលទៅមកក្នុងទេវតា និងមនុស្សអស់មួយសែនកប្ប ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលសេដ្ឋី ពួកញាតិដាក់ឈ្មោះថា បុរពន្ធ ។ បន្ទាប់មក គាត់ចម្រើនវ័យហើយ តាំងនៅក្នុងឃរាវាសវិស័យ ជាឧបដ្ឋាក របស់ពួកតិរ្ថិយ ។ គ្រានោះ ព្រះសាស្តាទ្រង់ប្រមើលមើលលោកក្នុងពេលទៀបភ្លឺ ទ្រង់ ឃើញហេតុនៃសោតាបត្តិមគ្គរបស់គាត់ ទើបទៅដល់ទ្វារនិវេសន៍ ក្នុងវេលា បិណ្ឌបាត ។ គាត់ឃើញព្រះទសពល គិតថា ព្រះសមណគោតមទ្រង់កើត ក្នុងត្រកូលធំ និងជាបុគ្គលដែលមហាជនស្គាល់យ៉ាងល្អក្នុងលោក ដោយហេតុ នោះ ការមិនទៅក្នុងឋានៈរបស់ព្រះគោតមនោះ មិនសមគួរ ។ ទើបគាត់ចូលទៅ កាន់សម្នាក់ព្រះសាស្តា ក្រាបត្រង់ព្រះយុគលបាទ ទទួលបាត្រ ហើយ អារាធនាឲ្យចូលទៅកាន់ផ្ទះ និមន្តឲ្យប្រថាប់គង់លើបល័្លង្កដែលមានតម្លៃច្រើន ថ្វាយភិក្ខា កាលស្រេចភត្តកិច្ច ទើបអង្គុយក្នុងទីសមគួរ នាចំណែកម្ខាង ។ ព្រះសាស្តាទ្រង់សម្តែងធម៌តាមអំណាចចរិយារបស់បុគ្គលនោះ ចប់ទេសនា ក៏តាំងនៅក្នុងសោតាបត្តិផល ។ ព្រះសាស្តាទ្រង់ទូន្មានគាត់ហើយ ក៏យាង ទៅកាន់វត្តជេតពនមហាវិហារ ។ លំដាប់នោះ មារគិតថា បុរពន្ធនេះជាសម្បត្តិ របស់អញ តែព្រះសាស្តាយាងទៅផ្ទះគេក្នុងថ្ងៃនេះ ទ្រង់បានធ្វើឲ្យមគ្គប្រាកដ ព្រោះស្តាប់ធម៌របស់ព្រះសាស្តាឬហ្ន៎ ដើម្បីឲ្យដឹងថា គេផុតចាកវិស័យរបស់ អញ ឬមិនផុត ទើបនិម្មិតរូបដូចព្រះទសពល ទ្រទ្រង់ចីវរផង ទ្រទ្រង់បាត្រ ផង យាងដោយអាកប្បកិរិយារបស់ព្រះពុទ្ធនោះឯង ទ្រទ្រង់នូវព្រះលក្ខណៈ ៣២ ប្រការ ប្រថាប់ឈរក្បែរទ្វារផ្ទះរបស់បុរពន្ធឧបាសក ។