សុជាតា សេនានិធីតា អ្នកដល់សរណៈដំបូង

ក្បាលទី 25 · ទំព័រ 670

ប្រវត្តិ នាងសុជាតាសេនិយធីតា ក្នុងសូត្រទី ១ នៃឧបាសិកាបាលី គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា បឋមំ សរណំ គច្ឆន្តីនំ សេចក្តីថា ធីតារបស់សេនិយៈ ឈ្មោះ សុជាតា ជាកំពូលជាងពួកឧបាសិកា ដែលតាំងនៅក្នុងសរណៈមុនគេបង្អស់ ។ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ នាងកើតក្នុងត្រកូល នាក្រុងហង្សវតី បន្ទាប់មក នាងស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនា ឧបាសិកាម្នាក់ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសិកា ដែលដល់ សរណៈមុនឧបាសិកាទាំងពួង ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នា តំណែងនោះ ។ នាងអន្ទោលក្នុងទេវតា និងមនុស្សអស់សែនកប្ប កើតក្នុង ត្រកូលរបស់កុដុម្ពិកៈឈ្មោះសេនិយៈ នាតំបន់ឧរុវេលាសេនានិគម មុនព្រះសាស្តា កើតឡើង ចម្រើនវ័យហើយ បានធ្វើសេចក្តីប្រាថ្នាទុកត្រង់គល់ជ្រៃ មួយដើមថា បើខ្ញុំមានគ្រួសារនឹងបុគ្គលដែលស្មើគ្នា បានកូនប្រុសក្នុងផ្ទៃដំបូង នឹងធ្វើពលិកម្មប្រចាំឆ្នាំ សេចក្តីប្រាថ្នារបស់នាង ក៏សម្រេច ។