សុប្បវាសាកោលិយធីតា

ក្បាលទី 25 · ទំព័រ 736

ប្រវត្តិ នាងសុប្បវាសា កោលិយធីតា ក្នុងសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បណីតទាយិកានំ លោកសម្តែងថា ព្រះនាងសុប្បវាសាកោលិយធីតាជាកំពូលជាង ពួកឧបាសិកា ដែលថ្វាយរបស់មានរសប្រណីត ។ បានឮមកថា ព្រះនាងសុប្បវាសាកោលិយធីតានោះ កាលព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ នាងកើតក្នុងត្រកូលមួយ នាក្រុងហង្សវតី កំពុងស្តាប់ ព្រះធម្មទេសនារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាឧបាសិកាម្នាក់ ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលលើសឧបាសិកាដែលថ្វាយរបស់មានរស ប្រណីត ធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នានូវតំណែងនោះ ។ នាងអន្ទោល ទៅក្នុងទេវតា និងមនុស្សអស់សែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុង ត្រកូលក្សត្រ នគរកោលិយៈ ទើបពួកញាតិថ្វាយព្រះនាមថា សុប្បវាសា ។ ចម្រើនវ័យហើយ អភិសេកជាមួយសក្យកុមារមួយអង្គ ។ ដោយការចូលគាល់ លើកទី ១ បុណ្ណោះ ស្តាប់ធម្មកថារបស់ព្រះសាស្តា ក៏តាំងនៅក្នុងសោតាបត្តិផល បន្ទាប់មក ព្រះនាងប្រសូតព្រះឱរស ព្រះនាមថាសីវលី រឿងនៃ ព្រះសីវលីនោះ បានពោលពិស្តារហើយខាងដើម ។ ថ្ងៃមួយ នាងថ្វាយភោជន ដ៏ប្រណីត មានរសផ្សេងៗ ដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។ ព្រះសាស្តា លុះសោយស្រេចហើយ កាលទ្រង់ធ្វើអនុមោទនា ទ្រង់សម្តែងធម៌ នោះដល់ព្រះនាងសុប្បវាសាថា ម្នាលនាងសុប្បវាសា អរិយសាវិកាថ្វាយ ភោជន ឈ្មោះថា ឲ្យឋានៈទាំង ៥ ដល់ពួកបដិគ្គាហក គឺឲ្យអាយុ ឲ្យវណ្ណៈ ឲ្យសុខ ឲ្យពល ឲ្យបដិភាណ ។