អដ្ឋកថា សុប្បវាសាកោលិយធីតា

ក្បាលទី 25 · ទំព័រ 736

នាងអន្ទោល ទៅក្នុងទេវតា និងមនុស្សអស់សែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុង ត្រកូលក្សត្រ នគរកោលិយៈ ទើបពួកញាតិថ្វាយព្រះនាមថា សុប្បវាសា ។ ចម្រើនវ័យហើយ អភិសេកជាមួយសក្យកុមារមួយអង្គ ។ ដោយការចូលគាល់ លើកទី ១ បុណ្ណោះ ស្តាប់ធម្មកថារបស់ព្រះសាស្តា ក៏តាំងនៅក្នុងសោតាបត្តិផល បន្ទាប់មក ព្រះនាងប្រសូតព្រះឱរស ព្រះនាមថាសីវលី រឿងនៃ ព្រះសីវលីនោះ បានពោលពិស្តារហើយខាងដើម ។ ថ្ងៃមួយ នាងថ្វាយភោជន ដ៏ប្រណីត មានរសផ្សេងៗ ដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។ ព្រះសាស្តា លុះសោយស្រេចហើយ កាលទ្រង់ធ្វើអនុមោទនា ទ្រង់សម្តែងធម៌ នោះដល់ព្រះនាងសុប្បវាសាថា ម្នាលនាងសុប្បវាសា អរិយសាវិកាថ្វាយ ភោជន ឈ្មោះថា ឲ្យឋានៈទាំង ៥ ដល់ពួកបដិគ្គាហក គឺឲ្យអាយុ ឲ្យវណ្ណៈ ឲ្យសុខ ឲ្យពល ឲ្យបដិភាណ ។ បុគ្គលឲ្យអាយុ រមែងមានចំណែកនៃអាយុ ទាំងដែលជារបស់ទិព្វ ទាំងដែលជារបស់មនុស្ស ។ បេ ។ បុគ្គលឲ្យបដិភាណ រមែងជាអ្នកមាន ចំណែកនៃបដិភាណជារបស់ទិព្វផង ជារបស់មនុស្សផង ។ រឿងនេះកើតឡើងយ៉ាងនេះ ។ បន្ទាប់មក ក្នុងកាលឯក្រោយ ព្រះសាស្តា ទ្រង់ប្រថាប់គង់នាវត្តជេតពនមហាវិហារ កាលទ្រង់ស្ថាបនាពួកឧបាសិកាទុក ក្នុងតំណែងផ្សេងៗ ទើបទ្រង់ស្ថាបនាព្រះនាងសុប្បវាសាកោលិយធីតា ទុក ក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសិកាដែលថ្វាយរបស់មានរស ប្រណីត ដូច្នេះ ។