អដ្ឋកថា កាតិយានី
ប្រវត្តិ នាងកាតិយានី ក្នុងសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អវេច្ចប្បសន្នានំ លោកសម្តែងថា នាងកាតិយានី ជាកំពូលជាងពួកឧបាសិកា ដែលប្រកបដោយ សេចក្តីជ្រះថ្លាមិនកម្រើក ដែលខ្លួនសម្រេចហើយ ។ បានឮមកថា នាងកាតិយានីនោះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ នាង កើតឡើងក្នុងត្រកូលមួយ នាក្រុងហង្សវតី ឃើញព្រះសាស្តាទ្រង់ស្ថាបនា ឧបាសិកាម្នាក់ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសិកាដែលជ្រះថ្លា មិនកម្រើក ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ នាងអន្ទោល ក្នុងទេវតា និងមនុស្សអស់សែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងកុររឃរនគរ បិតាឲ្យឈ្មោះថា កាតិយានី ។ បន្ទាប់មក នាងចម្រើនវ័យ ជាសម្លាញ់ ជាមិត្រជិតស្និទ្ធរបស់នាង កាឡី អ្នកកុររឃរនគរ ។ កាលនោះ ព្រះកោដិកណ្ណសោណត្ថេរ ត្រូវមាតា អង្វរថា សូមកូនពោលធម៌ដល់ញោមដោយទំនង ដែលព្រះទសពលត្រាស់ ចុះ ក៏អង្គុយលើអាសនៈ ដែលគេតាក់តែងហើយក្នុងនគរ លុះដល់ពេល យប់ ផ្តើមទេសនា ធ្វើមាតាឲ្យជាអរិយកាយសក្ខី ។ សម័យនោះ នាង កាតិយានីឧបាសិកានេះ ទៅជាមួយនាងកាឡី ឈរស្តាប់ធម៌ខាងចុងបរិស័ទ ។ គ្រានោះ ចោរ ៩០០ នាក់ ជីកឧម្មង្គអំពីជ្រុងម្ខាងក្នុងនគរ កំណត់សញ្ញា ដែលធ្វើក្នុងពេលថ្ងៃហើយ ទៅធ្លុះត្រង់ផ្ទះនាងកាតិយានីឧបាសិកានេះ ។ បណ្តាចោរទាំងនោះ មេចោរមិនចូលទៅជាមួយចោរទាំងនោះទេ ទៅកាន់ទី សម្តែងធម៌របស់ព្រះសោណត្ថេរ ដើម្បីសេបមើលថា បរិស័ទទាំងនេះ ប្រជុំគ្នា ធ្វើអ្វីហ្ន៎ កាលឈរខាងចុងបរិស័ទ ក៏ឈរខាងក្រោយនាងកាតិយានីឧបាសិកានេះ ។