វគ្គទី ៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលមួយ កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជន ច្រើន ដើម្បីសេចក្តីវិនាសដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បី សេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។ បុគ្គលម្នាក់ គឺអ្នកណា ។ គឺ បុគ្គលជាមិច្ឆាទិដ្ឋិ ជាអ្នកយល់ខុស បុគ្គលនោះ រមែងនាំជនច្រើន ឲ្យឃ្លាត ចាកព្រះសទ្ធម្ម ឲ្យតាំងនៅក្នុងអសទ្ធម្ម ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់ នេះឯង កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាសដល់ ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជន ច្រើន ដើម្បីសេចក្តីចម្រើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តី សុខដល់ទេវតា និងមនុស្សទាំងឡាយ ។ បុគ្គលម្នាក់ គឺអ្នកណា ។ គឺបុគ្គល ជាសម្មាទិដ្ឋិ ជាអ្នកយល់ត្រូវ បុគ្គលនោះ រមែងនាំជនច្រើនឲ្យឃ្លាតចាក អសទ្ធម្ម ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះ ឯង កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីសេចក្តីចម្រើនដល់ជនច្រើន ដើម្បីជា ប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។