អដ្ឋកថា វគ្គទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១ នៃវគ្គទី ៤ ដូច្នេះ បទថា ជម្ពូទីបេ សេចក្តីថា ឈ្មោះថា ជម្ពូទ្វីប ព្រោះជាទ្វីបដែលដឹងទួទៅ គឺប្រាកដ ដោយដើមព្រីងជាសម្គាល់ ។ បានឮថា ទ្វីបនេះ មានដើមព្រីងធំត្រឈឹង ត្រឈៃ កម្ពស់ ១០០ យោជន៍ មែកនីមួយៗ ៥០ យោជន៍ ទំហំដើម ១៥ យោជន៍ កើតត្រង់ភ្នំហិមពាន្ត អាយុមួយកប្ប ។ ទ្វីបនេះ ហៅថា ជម្ពូទ្វីប ព្រោះមានដើមព្រីងធំនោះ ។ ម្យ៉ាងទៀត ក្នុងទ្វីបនេះ ដើមព្រីងធំតាំងនៅ មួយកប្ប យ៉ាងណា សូម្បីដើមឈើទាំងនេះ គឺ ដើមក្ទម្ពក្នុងអាមរគោយានទ្វីប ដើមកប្បព្រឹក្សក្នុងឧត្តរកុរុទ្វីប ដើមច្រេសក្នុងបុព្វវិទេហទ្វីប ដើម ច្រនៀងរបស់ពួកអសុរ ដើមរការបស់ពួកគ្រុឌ ដើមបារិច្ឆត្តករបស់ពួក ទេវតា ក៏តាំងនៅអស់មួយកប្បដូចគ្នា ដូច្នោះ ។ លោកចងគាថាពន្ធថា បតលី សិម្ពលី ជម្ពូ ទេវានំ បរិច្ឆត្តកោ កទម្ពោ កប្បរុក្ខោ ច សិរីសេន ភវតិ សត្តមោ ។ ដើមច្រនៀង ដើមរកា ដើមព្រីង ដើមបារិច្ឆត្តករបស់ ទេវតា ដើមក្ទម្ព ដើមកប្បព្រឹក្ស និងដើមច្រេស ជា គម្រប់ ៧ ដើម ដូច្នេះ ។ បទថា អារាមរាមណេយ្យកំ សេចក្តីថា បណ្តាអារាមផ្កា ឈើ និងអារាមផ្លែឈើ ដែលគួរត្រេកអរ ដូចជាអារាមវេឡុវ័ន ជីវកម្ពវ័ន ជេតពន និងបុព្វារាម ។ អារាមដែលគួរត្រេកអរនោះ ក្នុងជម្ពូទ្វីបនេះ មាន តិច គឺតិចតួច អធិប្បាយថា មិនមានច្រើនទេ ។ ក្នុងបទដ៏សេស ក៏មាន ន័យដូចគ្នា ។ បទថា វនរាមណេយ្យកំ ក្នុងសូត្រនេះ គប្បីជ្រាបថា ព្រៃ ឈើ គឺព្រៃឈើ គឺព្រៃជ្រៅ ក្នុងប្រទេសនៃភ្នំវង្កៈ និងភ្នំហិមពាន្តជាដើម ដូចគ្នានឹងព្រៃនាគវ័ន ព្រៃសាលវ័ន និងព្រៃចម្ពកវ័នជាដើម ។