អដ្ឋកថាអបរអច្ឆរាសង្ឃាតវគ្គ

ក្បាលទី 26 · ទំព័រ 102

ព្រះសូត្រនេះថា អច្ឆរាសង្ឃាតមត្តំ ដូច្នេះ ត្រាស់ក្នុង ហេតុកើតរឿងនៃអគ្គិក្ខន្ធោបមសូត្រ ។ កថាដែលពោលដល់ផលរបស់មេត្តា ដែលមិនដល់អប្បនាមិនមាន ។ ព្រះធម្មទេសនានេះ គប្បីជ្រាបថា ទ្រង់ ប្រារព្ធក្នុងកាលកើតរឿងនោះឯង ។ ក្នុងបទទាំងនោះ បទថា បឋមំ នេះ មានអត្ថដូចពោលទុកក្នុងវិភង្គថា ជាទី ១ តាមលំដាប់នៃការរាប់ ឈ្មោះថា ជាទី ១ ព្រោះចូលឈានទី ១ នេះ ។ បទថា ឈានំ សេចក្តីថា ឈ្មោះថា ឈាន មាន ២ យ៉ាង គឺ អារម្មណូបនិជ្ឈាន និងលក្ខណូបនិជ្ឈាន ។ ក្នុងឈាន ២ យ៉ាងនោះ សមាបត្តិ ៨ ឈ្មោះថា អារម្មណូបនិជ្ឈាន ។ សមាបត្តិទាំង ៨ នោះ ហៅ ថា អារម្មណូបនិជ្ឈាន ព្រោះចូលទៅសម្លឹងអារម្មណ៍ មានបឋវីកសិណ ជាដើម ។ វិបស្សនា មគ្គ និងផល ឈ្មោះថា លក្ខណូបនិជ្ឈាន ។ វិបស្សនា ឈ្មោះថា លក្ខណូបនិជ្ឈាន ព្រោះចូលទៅសម្លឹងលក្ខណៈនៃសង្ខារ ដោយ អំណាចត្រៃលក្ខណ៍ មានការមិនទៀងជាដើម ។ មគ្គ លោកហៅថា លក្ខណូបនិជ្ឈាន ព្រោះកិច្ចក្នុងការចូលទៅសម្លឹងលក្ខណៈនៃវិបស្សនា រមែង សម្រេចដោយមគ្គ ផល លោកហៅថា លក្ខណូបនិជ្ឈាន ព្រោះចូលទៅ សម្លឹងព្រះនិព្វានដែលមានលក្ខណៈជាសុញ្ញតៈ អនិមិត្ត និងអប្បណិហិត ។ បណ្តាឈាន ២ យ៉ាងនោះ ក្នុងអត្ថនេះ បំណងយកអារម្មណូបនិជ្ឈាន ។ បទថា កោ បន វាទោ យេ ន ពហុលីករោន្តិ សេចក្តីថា មិនមាន ពាក្យដែលគប្បីពោលក្នុងជនដែលធ្វើបឋមជ្ឈាននោះឲ្យច្រើន ពាក្យដ៏សេស ក្នុងសូត្រនេះ គប្បីយល់ដោយន័យដូចពោលហើយខាងដើមនោះឯង ។