កម្មករណវគ្គ

ក្បាលទី 26 · ទំព័រ 177

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាមរបស់អនាបថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាល ភិក្ខុទាំងឡាយ ដូច្នេះ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយនេះ មាន ២ ប្រការ ។ ទោស ២ ប្រការដូចម្តេច ខ្លះ ។ គឺទោសដែលឲ្យផលក្នុងបច្ចុប្បន្ននេះ ១ ទោសដែលឲ្យផលក្នុង លោកខាងមុខ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះទោសដែលឲ្យផលក្នុងបច្ចុប្បន្ន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ឃើញស្តេច ឲ្យចាប់ចោរដែលប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើដោយកម្មករណ៍ទាំងឡាយ ផ្សេងៗ គឺវាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះ ខ្លះ កាត់ទាំងស្លឹកត្រចៀកទាំងច្រមុះខ្លះ ធ្វើនូវពិលង្គថាលិកកម្ម ( អំពើដែល គេធ្វើក្បាលឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ ) ខ្លះ ធ្វើនូវសង្ខមុណ្ឌិកកម្ម ( អំពើ ដែលគេពន្លះស្បែកក្បាលឲ្យរលីងដូចជាសម្បកស័ង្ខ ) ខ្លះ ធ្វើនូវរាហុមុខកម្ម ( អំពើដែលគេធ្វើរង្វះមាត់ឲ្យដូចជាមាត់រាហូ ) ខ្លះ ធ្វើនូវជោតិមាលិកកម្ម ( អំពើដែលគេរុំខ្លួនទាំងមូលដោយសំពត់ជ្រលក់ប្រេង ) ខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម ( អំពើដែលគេរុំដៃដោយសំពត់ជ្រលក់ប្រេង ) ខ្លះ ធ្វើនូវ ឯរកវដ្តិកកម្ម ( អំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែ ) ខ្លះ ធ្វើនូវចីរកវាសិកកម្ម ( អំពើដែលគេធ្វើឲ្យដូចជាសំពត់សម្បកឈើ )