អដ្ឋកថាសូត្រទី ៥
ក្នុងសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទ្វិន្នាហំ កាត់បទជា ទ្វិន្នំ អហំ ។ បទថា ឧបញ្ញាសឹ សេចក្តីថា បានចូលទៅដឹង គឺ ជ្រាបគុណ អធិប្បាយថា ចាក់ធ្លុះ ។ ឥឡូវនេះ កាលទ្រង់សម្តែងធម៌ទាំងនោះ ទើបត្រាស់ព្រះពុទ្ធវចនៈថា យា ច អសន្តុដ្ឋិតា ជាដើម ។ ព្រោះ ព្រះមានព្រះភាគទ្រង់អាស្រ័យធម៌ ២ នេះ សម្រេចព្រះសព្វញ្ញុតញ្ញាណ ដូច្នោះ កាលទ្រង់សម្តែងអានុភាពធម៌ ២ យ៉ាងនោះ ទើបត្រាស់យ៉ាងនេះ ។ បណ្តាបទទាំងនោះ បទថា អសន្តុដ្ឋិតា កុសលេសុ ធម្មេសុ នេះ សម្តែង សេចក្តីដូច្នេះថា ខ្ញុំមិនសន្តោសដោយត្រឹមតែឈាននិមិត្ត ឬត្រឹមតែឱភាសនិមិត្ត ញ៉ាំងអរហត្តមគ្គឲ្យកើតឡើងបាន គឺខ្ញុំមិនសន្តោសមួយជួរកាលដែល អរហត្តមគ្គមិនទាន់កើតឡើង ។ ខ្ញុំមិនរួញរាក្នុងសេចក្តីព្យាយាម តាំងនៅ ដោយមិនធូរថយឡើយ បានធ្វើសេចក្តីព្យាយាម កាលទ្រង់សម្តែងអត្ថដូច ពោលនេះ ទើបត្រាស់ព្រះពុទ្ធវចនៈថា យា ច អប្បដិវាណិតា ជាដើម បណ្តាបទទាំងនោះ បទថា អប្បដិវាណិតា ប្រែថា ការមិនឈានត្រឡប់ គឺមិនរាថយ ។ បទថា សុទំ ក្នុងពាក្យនេះថា អប្បដិវាណំ សុទាហំ ភិក្ខវេ បទហាសឹ ត្រឹមតែជានិបាត ក្នុងសេចក្តីនេះ មានអត្ថដូច្នេះថា ម្នាលភិក្ខុ ទាំងឡាយ តថាគតតាំងនៅដោយការមិនធូរថយ ប្រាថ្នាជាព្រះសព្វញ្ញូ បាន ធ្វើនូវសេចក្តីព្យាយាមកាលនៅជាពោធិសត្វ ។ ឥឡូវនេះ កាលទ្រង់សម្តែង វិធីធ្វើសេចក្តីព្យាយាម ទើបត្រាស់ព្រះពុទ្ធវចនៈថា កាមំ តចោ ច ជាដើម ។ បណ្តាបទទាំងនោះ បទថា យន្តំ នេះ ទ្រង់សម្តែងគុណជាតដែលគប្បី សម្រេច ។ ក្នុងបទថា បុរិសថាមេន ជាដើម ត្រាស់ដល់កម្លាំងដែលឲ្យកើត ញាណ សេចក្តីព្យាយាមដែលឲ្យកើតញាណ សេចក្តីប្រឹងប្រែងដែលឲ្យកើត ញាណរបស់ខ្លួន ។