អដ្ឋកថាសូត្រទី ៦
ក្នុងសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា សញ្ញោជនីយេសុ ធម្មេសុ សេចក្តីថា ក្នុងធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដែលជាបច្ច័យ នៃសំយោជនៈ ១០ ។ បទថា អស្សាទានុបស្សិតា សេចក្តីថា ការឃើញ គឺភាវៈដែលឃើញដោយអស្សាទ គួរត្រេកអរ ។ បទថា និព្វិទានុបស្សិតា សេចក្តីថា ការឃើញដោយអំណាចការនឿយណាយ គឺដោយ អំណាចការធុញទ្រាន់ ។ បទថា ជាតិយា បានដល់ អំពីការកើតនៃខន្ធ ។ បទថា ជរាយ បានដល់ អំពីការចាស់នៃខន្ធ ។ បទថា មរណេន បានដល់ អំពីការបែកធ្លាយនៃខន្ធ ។ បទថា សោកេហិ បានដល់ អំពីសេចក្តីសោក ដែលមានលក្ខណៈក្រៀមក្រំខាងក្នុង ។ បទថា បរិទេវេហិ បានដល់ អំពី ការកន្ទក់កន្ទេញ ដែលមានលក្ខណៈយំរៀបរាប់ អាស្រ័យសេចក្តីសោក នោះ ។ បទថា ទុក្ខេហិ បានដល់ អំពីទុក្ខដែលគ្របសង្កត់រាងកាយ ។ បទថា ទោមនស្សេហិ បានដល់ អំពីទោមនស្សដែលគ្របសង្កត់ចិត្ត ។ បទថា ឧបយាសេហិ បានដល់ អំពីការចង្អៀតចង្អល់ ដែលមានលក្ខណៈចង្ហៀត ចង្អល់ក្រៃលែង ។ បទថា ទុក្ខស្មា បានដល់ អំពីទុក្ខក្នុងវដ្តៈទាំងមូល ។ បទថា បជហតិ បានដល់ រមែងលះបានដោយមគ្គ ។ ក្នុងបទថា បហាយ នេះ ត្រាស់ខណៈនៃផល ។ ក្នុងសូត្រនេះ ត្រាស់ទាំងវដ្តៈ និងវិវដ្តៈ ។