អដ្ឋកថាសូត្រទី ១០

ក្បាលទី 26 · ទំព័រ 201

ក្នុងសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅ សូត្រនេះ ព្រះមានព្រះភាគ ត្រាស់ព្រោះអត្ថុប្បត្តិហេតុដូចម្តេច ការពោលទោសរបស់ពួកមនុស្សជាហេតុ ឲ្យកើតរឿងនេះ ។ បានឮថា ក្នុង ២០ វស្សា នាបឋមពោធិកាល ព្រះមាន ព្រះភាគទ្រង់មិនទាន់បញ្ញត្តថ្ងៃចូលវស្សា ភិក្ខុទាំងឡាយ មិនមានការពាក់ព័ន្ធ ក្នុងរឿងវស្សា ត្រាច់ទៅតាមសប្បាយ ក្នុងរដូវប្រាំងផង ក្នុងរដូវរងាផង ក្នុង រដូវភ្លៀងផង ។ ពួកមនុស្សឃើញដូច្នោះ នាំគ្នាពោលទោសថា ហេតុអ្វី សមណសក្យបុត្រ បានចារិកទាំងរដូវរងា ទាំងរដូវប្រាំង ទាំងរដូវភ្លៀង ជាន់ សន្ទូង បៀតបៀនវត្ថុមានជីវិត ធ្វើសត្វតូចៗ ជាច្រើនឲ្យលំបាក សូម្បីពួកតិ រ្ថិយដែលពោលធម៌មិនល្អ មិនប្រពៃទាំងនេះ ក៏ឈប់បង្អង់ក្នុងរដូវភ្លៀង បក្សីទាំងឡាយ គង់ធ្វើសម្បុកត្រង់ចុងឈើ សម្ងំក្នុងរដូវភ្លៀង ដូច្នេះ ។ ភិក្ខុ ទាំងឡាយក្រាបទូលរឿងនោះ ដល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់លើករឿងនោះជាហេតុ សម្តែងសូត្រនេះ ត្រាស់ព្រះពុទ្ធតម្រាស់ជាបឋម ត្រឹមបុណ្ណេះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចាំវស្សា ដូច្នេះ ។ តមក ទ្រង់ជ្រាបថា ពួកភិក្ខុកើតសេចក្តីត្រិះរិះថា គួរចាំវស្សាក្នុងកាលណា ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចូលវស្សាក្នុងរដូវ ភ្លៀង ។ បន្ទាប់មក ភិក្ខុទាំងឡាយសង្ស័យថា ថ្ងៃចូលវស្សាមានបុន្មានថ្ងៃ នាំគ្នាក្រាបទូលសេចក្តីនោះ ដល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់ ជ្រាបដូច្នោះ កាលទ្រង់សម្តែងសូត្រនេះទាំងមូល ទើបត្រាស់ព្រះពុទ្ធតម្រាស់ ជាដើមថា ទ្វេមា ភិក្ខវេ ដូច្នេះ ។