អដ្ឋកថាសូត្រទី ៣

ក្បាលទី 26 · ទំព័រ 220

ក្នុងសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បាលីនៃឈាន ៤ ថា វិវិច្ចេវ កាមេហិ ជាដើម និងន័យរបស់ភាវនា បានពោលពិស្តារ ក្នុងគម្ពីរវិសុទ្ធិមគ្គ ដោយប្រការទាំងពួងនោះឯង ។ ឈានទាំង ៤ នេះ ភិក្ខុ មួយរូបចម្រើនដើម្បីឲ្យចិត្តតម្កល់មាំ មួយរូបចម្រើនដើម្បីជាបាទនៃវិបស្សនា មួយរូបចម្រើនដើម្បីជាបាទនៃអភិញ្ញា មួយរូបចម្រើនដើម្បីជាបាទនៃនិរោធ មួយរូបចម្រើនដើម្បីការវិសេសនៃភព ។ តែក្នុងសូត្រនេះ ឈានទាំង ៤ ទ្រង់បំណងសម្តែងជាបាទនៃវិបស្សនា ។ ពិតហើយ ភិក្ខុនេះចូលដល់ឈាន ទាំងនេះ ហើយចេញអំពីសមាបត្តិ ពិចារណាសង្ខារ កំណត់ហេតុបច្ច័យ និង កំណត់នាមរូប ព្រមទាំងបច្ច័យ ប្រជុំឥន្ទ្រិយ ពល និងពោជ្ឈង្គ សម្រេច អរហត្ត ។ ឈានទាំងនេះ ព្រះមានព្រះភាគត្រាស់លាយឡំគ្នា ជាលោកិយ ផង ជាលោកុត្តរផង ។ ម្យ៉ាងទៀត ភាពដ៏ប្រសើរក្នុងពលទាំង ២ នេះ គប្បីជ្រាបតាមន័យដែលពោលហើយនោះឯង ។