អដ្ឋកថាសូត្រទី ៤

ក្បាលទី 26 · ទំព័រ 221

ក្នុងសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា សង្ខិត្តេន ច វិត្ថារេន ច ព្រះមានព្រះភាគទ្រង់សម្តែងថា ធម្មទេសនាមាន ២ បុណ្ណោះ គឺធម្មទេសនាដោយសង្ខេប ១ ធម្មទេសនាដោយពិស្តារ ១ ។ ក្នុង ២ យ៉ាង នោះ ទេសនាដែលត្រាស់សម្តែងចំពោះមាតិកា ឈ្មោះថា ទេសនាដោយ សង្ខេប ។ ទេសនាដែលត្រាស់បំបែកមាតិកានោះៗ ឈ្មោះថា ទេសនា ដោយពិស្តារ។ ម្យ៉ាងទៀត ទេសនាដែលទ្រង់តាំងមាតិកាក្តី ទ្រង់មិនតាំងក្តី ត្រាស់បំបែកដោយពិស្តារ ឈ្មោះថា ទេសនាដោយពិស្តារ ។ ក្នុងទេសនា ២ យ៉ាងនោះ ទេសនាដោយសង្ខេប ត្រាស់ដល់បុគ្គលដែលមានបញ្ញាច្រើន ទេសនាដោយពិស្តារ ត្រាស់ដល់បុគ្គលដែលមានបញ្ញាតិច ។ ព្រោះទេសនា ដោយពិស្តារ ហាក់ដូចយឺតយូរក្រៃលែងដល់អ្នកមានបញ្ញាច្រើន ទេសនា ដោយសង្ខេប រមែងដូចសត្វទន្សាយលោតដល់អ្នកមានបញ្ញាតិច មិនអាច ចាប់ដើម ចាប់ចុងបាន ។ ម្យ៉ាងទៀត ទេសនាដោយសង្ខេប ត្រាស់ដល់ បុគ្គលប្រភេទឧគ្ឃដិតញ្ញូ ទេសនាដោយពិស្តារត្រាស់ដល់បុគ្គល ៣ ពួកក្រៅ អំពីនេះ គឺវិបចិតញ្ញូ នេយ្យ និងបទបរម ។ ព្រះត្រៃបិដកទាំងមូល រមែង រាប់បញ្ចូលក្នុងសេចក្តីនេះថា ទេសនាដោយសង្ខេប ទេសនាដោយពិស្តារ នោះឯង ។