ពាលវគ្គ

ក្បាលទី 26 · ទំព័រ 251

ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនេះ មាន ២ ពួក ។ បុគ្គលពាលមាន ២ ពួក តើដូចម្តេច ។ គឺបុគ្គលមិនឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏មិនព្រមទទួលទោសតាមធម៌ ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលពាលមាន ២ ពួកនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ជាបណ្ឌិតនេះមាន ២ ពួក ។ បុគ្គលជាបណ្ឌិត មាន ២ ពួក តើដូចម្តេច ។ គឺបុគ្គលឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏ព្រម ទទួលទោសតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត មាន ២ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ ព្រះតថាគត ។ បុគ្គល ២ ពួក តើដូចម្តេច ។ គឺបុគ្គលជាអ្នកក្រោធ មាន ទោសចិត្តនៅខាងក្នុង ១ បុគ្គលជាអ្នកជឿដោយប្រកាន់ខុស ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ ព្រះតថាគត ។ បុគ្គល ២ ពួក តើដូចម្តេច ។ គឺបុគ្គលសម្តែងនូវពាក្យ ដែលព្រះតថាគត មិនបានសម្តែង មិនបានពោល ថាជាពាក្យដែលព្រះតថាគត បានសម្តែង បានពោល ១ បុគ្គលសម្តែងនូវពាក្យដែលព្រះតថាគត បានសម្តែង បានពោល ថាជាពាក្យដែលព្រះតថាគត មិនបានសម្តែង មិន បានពោល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ ព្រះតថាគត ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ ព្រះតថាគតទេ ។ បុគ្គល ២ ពួក តើដូចម្តេច ។ គឺបុគ្គលសម្តែងនូវពាក្យ ដែលព្រះតថាគត មិនបានសម្តែង មិនបានពោល ថាជាពាក្យដែលព្រះតថាគត មិនបានសម្តែង មិនបានពោល ១ បុគ្គលសម្តែងនូវពាក្យដែលព្រះតថាគត បានសម្តែង បានពោល ថាជាពាក្យដែលព្រះតថាគត បានសម្តែង បានពោល ១ ។