អដ្ឋកថាសូត្រទី ១០
ក្បាលទី 26 · ទំព័រ 260
ក្នុងសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា អត្ថវសេ បានដល់ ហេតុ ។ បទថា អរញ្ញវនបដ្ឋានិ បានដល់ ព្រៃស្រោង និងព្រៃ ជ្រៅ ។ ក្នុងអភិធម្ម លោកហៅទីទាំងអស់ ដែលនៅខាងក្រៅឥន្ទខីលចេញ ទៅ ថាជាព្រៃដោយត្រង់ក៏ពិត តែព្រៃដែលភិក្ខុសមាទានអារញ្ញិកធុតង្គ ល្មម ស្នាក់នៅបាន ដែលលោកពោលថា ជិត គឺក្នុងទី ៥០០ ជួរធ្នូនោះឯង គប្បី ជ្រាបថា លោកបំណងយក ។ បទថា វនបដ្ឋំ បានដល់ ព្រៃដែលហួស ព្រំដែនស្រុកចេញទៅ មិនជាទឹកដីរបស់មនុស្ស មិនជាទីភ្ជួររាស់ ។ បទថា បន្តានិ បានដល់ ឆ្ងាយពន់ពេក គឺឆ្ងាយខ្លាំង ។ បទថា ទិដ្ឋធម្មសុខវិហារំ បានដល់ ការនៅជាផាសុក ទាំងដែលជាលោកិយ និងលោកុត្តរ ។ បទថា បច្ឆិមញ្ច ជនតំ អនុកម្បមាណោ សេចក្តីថា អនុគ្រោះសាវ័កឯក្រោយ របស់តថាគត ។