សមចិត្តវគ្គ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងប្រាប់នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់នូវ ភូមិទាំង ២ នោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏ មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស រមែងមិនដឹងឧបការៈដែលគេធ្វើ ហើយ ( ដល់ខ្លួន ) និងមិនធ្វើឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំង ២ នេះ ដែលពួកអសប្បុរសបានពោល សរសើរហើយ គឺការមិនដឹងឧបការៈដែលគេធ្វើហើយ ១ មិនធ្វើឧបការៈ ដែលគេធ្វើហើយឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំង ២ នេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈដែលគេធ្វើហើយ មិនធ្វើឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង ១ ។ ម្នាលភិក្ខុទាំងឡាយ ឯ សប្បុរសរមែងដឹងឧបការៈដែលគេធ្វើហើយ និងធ្វើឧបការៈដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំង ២ នេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើងហើយ ១ ។ ម្នាលភិក្ខុទាំងឡាយ អំពើ ទាំង ២ នេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេ ធ្វើហើយ ១ ធ្វើឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយ នឹងធ្វើការតបគុណដល់បុគ្គល ២ ពួកបានទេ ។ បុគ្គល ២ ពួក តើនរណា ខ្លះ ។ គឺមាតា ១ បិតា ១ ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតាដោយស្មាម្ខាង បញ្ជិ