អដ្ឋកថាសូត្រទី ៥
បទថា ខេត្តំ បានដល់ ផ្ទៃដី គឺទីតាំង អធិប្បាយថា ជាទីដុះនៃបុណ្យ ។ ក្នុងសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា បុព្វារាមេ បានដល់ ក្នុងអារាម នាទិសខាងកើត ក្រុងសាវត្ថី ។ បទថា មិគារមាតុបសាទេ បានដល់ ជាប្រាសាទរបស់ឧបាសិកា ឈ្មោះវិសាខា ។ ឧបាសិកា វិសាខានោះ គេតែងហៅថា មិគារមាតា ព្រោះមិគារសេដ្ឋី បានតាំងក្នុងឋានៈ ជាមាតា ព្រោះមានឈ្មោះដូចឈ្មោះសេដ្ឋីដែលជាជីតា គឺវិសាខសេដ្ឋីដែលជា បុត្រច្បង ។ ប្រាសាទដែលនាងវិសាខាសាង មាន ១០០០ បន្ទប់ ឈ្មោះថា មិគារមាតាប្រាសាទ ។ ព្រះថេរៈស្នាក់នៅក្នុងប្រាសាទនោះ ។ បទថា តត្រ ខោ អាយស្មា សារីបុត្ត សេចក្តីថា ព្រះធម្មសេនាបតីសារីបុត្រស្នាក់នៅក្នុង ប្រាសាទនោះ ។ បទថា ភិក្ខូ អាមន្តេសិ សេចក្តីថា ព្រះថេរៈហៅក្នុងកាលណា ព្រោះ សូត្រខ្លះពោលថា មុនភត្តក៏មាន សូត្រខ្លះថា ក្រោយភត្ត សូត្រខ្លះថា បឋមយាម សូត្រខ្លះថា មជ្ឈិមយាម សូត្រខ្លះថា បច្ឆិមយាម ។ បដិបទាសូត្រ ក្នុងសមចិត្តវគ្គនេះ ពោលថា ក្រោយភត្ត ដូច្នោះ ទើបព្រះថេរៈហៅភិក្ខុ ទាំងឡាយក្នុងវេលាល្ងាច ។ សេចក្តីពិត សូត្រនេះ ព្រះថេរៈមិនបានពោល អង្គ ១ បុណ្ណោះ សូម្បីព្រះតថាគតក៏ត្រាស់ ។ សួរថា ប្រថាប់គង់ក្នុងទីណា ឆ្លើយថា ប្រថាប់គង់ក្នុងរតនប្រាសាទរបស់នាងវិសាខា ។ ពិតហើយ ក្នុង ២០ វស្សាបឋមពោធិកាល ព្រះតថាគតមិនបានគង់ នៅជាប្រចាំ ក្នុងទីណាមានផាសុក ក៏យាងទៅប្រថាប់នៅក្នុងទីនោះឯង ។ វស្សាដំបូង ទ្រង់ប្រកាសធម្មចក្រក្នុងព្រៃឥសិបតនៈ ឲ្យមហាព្រហ្ម ១៨ កោដិផឹកអមតៈ ទ្រង់អាស្រ័យក្រុងពារាណសី នៅប្រថាប់ក្នុងឥសិបតនៈ ។ វស្សាទី ២ ទ្រង់អាស្រ័យក្រុងរាជគ្រឹះ ប្រថាប់នៅក្នុងវេឡុវនវិហារ ។