អដ្ឋកថាសូត្រទី ៦
ក្នុងសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា វរណាយំ វិហរតិ សេចក្តីថា នគរមានឈ្មោះថា វរណា ព្រះមហាកច្ចានៈចូលទៅ អាស្រ័យក្រុងនោះ ។ បទថា កាមរាគនិវេសវិនិពន្ធបលិកេធបរិយុដ្ឋានជ្ឈោសានហេតុ សេចក្តីថា ព្រោះវិលចូលទៅរកកាមរាគៈជាហេតុ ធ្លាក់ នៅក្នុងអំណាចកាមរាគៈជាហេតុ មានការត្រេកអរក្នុងកាមរាគៈជាហេតុ ព្រោះ កាមរាគៈចោមរោមជាហេតុ និងលិចលង់ព្រោះកាមរាគៈជាហេតុ ។ មាន ពាក្យអធិប្បាយដូច្នេះថា ព្រោះកាមរាគៈកើតឡើង ព្រោះអាស្រ័យកាមគុណ ៥ នោះប្រកាន់ជាដើមហេតុ ព្រោះត្រូវកាមរាគៈទាញ ចង ព្រោះចំណង់ គឺ លាភៈព្រោះកាមរាគៈនោះឯង ដែលដូចជារណ្តៅភក់ធំ ព្រោះចោមរោម ដោយកាមរាគៈនោះឯង គឺត្រូវកាមរាគៈចាប់ និងព្រោះទល់គ្នានឹងកាមរាគៈ គឺត្រូវកាមរាគៈលេបសម្រេចស្រេច ។ ក្នុងបទថា ទិដ្ឋិរាគ ជាដើមក៏ន័យ នេះឯង ។ តែក្នុងបទថា ទិដ្ឋិរាគោ នេះ បណ្ឌិតគប្បីជ្រាបថា បានដល់ រាគៈដែលកើតឡើង ព្រោះអាស្រ័យទិដ្ឋិ ៦២ ។ បទថា បុរត្ថិមេសុ ជនបទេសុ សេចក្តីថា ចាកទីដែលព្រះថេរៈនៅនា ទិសខាងកើត មានសាវត្ថីជនបទ ។ ព្រះថេរៈកាលគង់ ក៏គង់បែរមុខទៅទិស នោះ ដូច្នោះ ទើបលោកពោលយ៉ាងនេះ ។ បទថា ឧទានំ ឧទានេសិ ប្រែថា បន្លឺឧទាន ។ ឧបមាដូចប្រេងមិនអាចដក់ក្នុងគ្រឿងវាល់បាន ហូរធ្លាក់ចូលទៅ គេហៅថា ជ្រុះចុះទៅ និងទឹកដែលមិនអាចដក់ក្នុងប្រឡាយទឹកដែល ហូរទៅបាន ដូច្នោះ គេហៅថា ទឹកហូរ យ៉ាងណា ពាក្យដែលកើតអំពីបីតិ ក៏ដូច្នោះដូចគ្នា ដក់ក្នុងហទយៈមិនបាន គឺរក្សាទុកខាងក្នុងមិនបាន ក៏ហូរ ចេញមកក្រៅ លោកហៅថា ឧទាន ។ អធិប្បាយថា អារាមទណ្ឌព្រាហ្មណ៍ បន្លឺពាក្យដែលកើតអំពីបីតិបែបនេះ ។