អដ្ឋកថាសូត្រទី ៨
ក្នុងសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា ចោរា ពលវន្តោ ហោន្តិ សេចក្តីថា ពួកចោរដែលដល់ព្រមដោយបក្ខពួក ដល់ ព្រមដោយបរិវារ ដល់ព្រមដោយលំនៅ ដល់ព្រមដោយពាហនៈ ។ បទថា រាជានោ តស្មឹ សមយេ ទុព្វលា ហោន្តិ សេចក្តីថា ក្នុងសម័យនោះ ក្រុមខាងព្រះរាជាទាំងឡាយ ជាក្រុមដែលខ្សោយកម្លាំង ព្រោះមិនមានសម្បត្តិ ទាំងនោះ ។ បទថា អតិយាតុំ សេចក្តីថា ដើម្បីត្រាច់ត្រួតត្រាជនបទខាងក្រៅ ហើយ បំណងនឹងចូលព្រះនគរ ក្នុងខណៈដែលត្រូវការ ។ បទថា និយ្យាតុំ សេចក្តីថា មិនមានផាសុកដែលយាងចេញទៅ មិនថា ក្នុងបឋមយាម មជ្ឈិមយាម ឬបច្ឆិមយាម ដោយមានព្រះតម្រាស់ថា ពួកចោរប្លន់ ជនបទ ចាំបាច់ត្រូវការពារពួកវា ។ ចាប់តាំងអំពីនោះ ពួកចោរត្រាច់វាយ ប្លន់ពួកមនុស្ស ។ បទថា បច្ចន្តិមេ វា ជនបទេ អនុសញ្ញាតុំ សេចក្តីថា សូម្បីគ្រប់គ្រងជនបទជាយដែន ដើម្បីសាងលំនៅ សាងស្ពាន ជីកស្រះ បោក្ខរណី និងសាងសាលាជាដើម ក៏មិនស្រួល ។ បទថា ព្រាហ្មណគហបតិកានំ បានដល់ ពួកព្រាហ្មណ៍ និងគហបតីទាំងឡាយ ដែលនៅ ខាងក្នុងព្រះនគរ ។ បទថា ពាហិរានិ វា កម្មន្តានិ បានដល់ ការងារ ស្រែចម្ការក្រៅស្រុក ។ បទថា បបភិក្ខូ ពលវន្តោ ហោន្តិ សេចក្តីថា ពួកភិក្ខុអាក្រក់ជា ចំណែកមានកម្លាំង ដល់ព្រមដោយឧបដ្ឋាកប្រុសស្រីច្រើន និងបានបង្អែក មានព្រះរាជា និងអមាត្យជាដើម ។ បទថា បេសលា ភិក្ខូ តស្មឹ សមយេ ទុព្វលា ហោន្តិ សេចក្តីថា ក្នុងសម័យនោះ ពួកភិក្ខុដែលមានសីលជាទី ស្រឡាញ់ ជាអ្នកខ្សោយកម្លាំង ព្រោះមិនមានសម្បត្តិទាំងនោះ ។