អដ្ឋកថាសូត្រទី ៦

ក្បាលទី 26 · ទំព័រ 333

ក្នុងសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឱក្កាចិត- វិនីតា បានដល់ ទូន្មានលំបាក ។ បទថា នោ បដិបុច្ឆាវិនីតា បានដល់ មិនជាបុគ្គលប្រៀនប្រដៅដោយសាកសួរ ។ បទថា គម្ភីរា បានដល់ ជ្រៅ ដោយបាលី ដូចជាចូឡវេទល្លសូត្រជាដើម ។ បទថា គម្ភីរត្ថា បានដល់ ជ្រៅដោយអត្ថដូចជាមហាវេទល្លសូត្រជាដើម ។ បទថា លោកុត្តរា បានដល់ សម្តែងអត្ថជាលោកុត្តរ ។ បទថា សុញ្ញតបដិសំយុត្តា បានដល់ ប្រកាស ត្រឹមតែជាសុញ្ញតធម៌ ៧ បុណ្ណោះ ដូចជាអសង្ខតសំយុត្តជាដើម ។ បទថា ន អញ្ញាចិត្តំ ឧបដ្ឋបេន្តិ បានដល់ មិនតាំងចិត្តដើម្បីដឹង គឺដេកលក់ខ្លះ បញ្ជូនចិត្តទៅកាន់ទីដទៃខ្លះ ។ បទថា ឧគ្គហេតព្វំ បរិយាបុណិតព្វំ បានដល់ ដែលគប្បីកាន់យកផង ដែលគប្បីរៀនផង ។ បទថា កវិកតា បានដល់ កវីតែង ។ បទថា កាវេយ្យា ក្រៅអំពីនេះ ជាវេវចនៈនៃបទថា កវិកតា នោះឯង ។ បទថា ចិត្តក្ខរា ប្រែថា មានអក្ខរៈវិចិត្រ ។ បទថា ចិត្តព្យញ្ជនា ក្រៅពីនេះ ជាវេវចនៈនៃបទថា ចិត្តក្ខរា នោះដូចគ្នា ។ បទថា ពាហិរកា បានដល់ ជាសុត្តន្តៈក្រៅព្រះសាសនា ។ បទថា សាវកភាសិតា បានដល់ ដែលពួកសាវ័ករបស់ពាហិរកសាស្តាទាំងនោះបានពោល ។ បទថា សុស្សូសន្តិ សេចក្តីថា មានចិត្តជាក់ច្បាស់ តាំងចិត្តស្តាប់យ៉ាងល្អ ព្រោះ មានអក្ខរៈវិចិត្រ និងសម្បូរដោយបទ ។ បទថា ន ចេវ អញ្ញមញ្ញំ បដិបុច្ឆន្តិ សេចក្តីថា មិនបានសួរអត្ថ អនុសន្ធិ ឬខាងដើម ខាងចុងនៃគ្នានិងគ្នា ។ បទថា ន បដិវិចរន្តិ សេចក្តីថា មិនបានត្រាច់ទៅសាកសួរ ។ បទថា ឥទំ កថំ សេចក្តីថា ព្យញ្ជនៈនេះ គប្បីយល់ដូចម្តេច គឺគប្បីយល់យ៉ាងណា ។