បុគ្គលវគ្គ

ក្បាលទី 26 · ទំព័រ 341

ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើង ក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តី សុខដល់ជនច្រើន ដើម្បីសេចក្តីចម្រើនដល់ជនច្រើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ បុគ្គលពីរពួក តើដូចម្តេច ។ គឺព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីសេចក្តី ចម្រើនដល់ជនច្រើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និង មនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើង ក្នុងលោក តែងកើតឡើងជាមនុស្សអស្ចារ្យ ។ បុគ្គលទាំងពីរពួក តើដូចម្តេច ។ គឺព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើង ជាមនុស្សអស្ចារ្យ ។ ម្នាលភិក្ខុទាំងឡាយ កាលកិរិយារបស់បុគ្គលពីរពួក រមែង មានសេចក្តីស្តាយក្រោយដល់ជនច្រើន ។ បុគ្គលពីរពួក តើដូចម្តេច ។ គឺ ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលកិរិយារបស់បុគ្គលពីរពួកនេះ រមែងមានសេចក្តីស្តាយក្រោយ ដល់ជនច្រើន ។ ម្នាលភិក្ខុទាំងឡាយ ថូបារហបុគ្គល ( បុគ្គលគួរដល់ថូប ) នេះមានពីរពួក ។ ថូបារហបុគ្គលពីរពួក តើដូចម្តេច ។ គឺព្រះតថាគតជា អរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ថូបារហបុគ្គលមាន ពីរ ពួកនេះឯង ។