អដ្ឋកថាសូត្រទី ១២

ក្បាលទី 26 · ទំព័រ 354

ក្នុងសូត្រទី ១២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឧភតោវចីសំសារោ សេចក្តីថា វាចាដែលបាចសាចដាក់គ្នានិងគ្នាចេញមក ជេរគ្នា និងគ្នាទាំង ២ ចំណែក ឈ្មោះថា ការតពាក្យតសម្តី ។ បទថា ទិដ្ឋិបលាសោ សេចក្តីថា ការវាយឫកស្មើមានលក្ខណៈប្រៀបធៀប ជាគូដែល កើតឡើងព្រោះអាស្រ័យទិដ្ឋិ ឈ្មោះថា ការវាយឫកស្មើដោយអំណាចទិដ្ឋិ ។ បទថា ចេតសោ អាឃាតោ បានដល់ សេចក្តីក្រោធ ។ ពិតហើយ ការក្រោធ នោះ កើតឡើងធ្វើចិត្តឲ្យអាឃាត ។ បទថា អប្បច្ចយោ បានដល់ អាការដែលមិនត្រេកអរ អធិប្បាយថា ទោមនស្ស ។ បទថា អនភិរទ្ធិ បានដល់ សេចក្តីក្រោធនោះឯង ។ សេចក្តីក្រោធនោះ លោកហៅថា អនភិរទ្ធិ ព្រោះមិនត្រេកអរក្រៃលែង ។ បទថា អជ្ឈត្តំ អវូបសន្តំ ហោតិ សេចក្តីថា រឿងទាំងអស់មិនស្ងប់បានក្នុងចិត្តរបស់ខ្លួន ដែលជាខាងក្នុងនៃខ្លួន និងបរិស័ទរបស់ខ្លួន គឺសទ្ធិវិហារិក និងអន្តេវាសិក ។ បទថា តស្មេតំ កាត់ បទជា តស្មឹ ឯតំ ប្រែថា ដែលគប្បីបំណងបានក្នុងអធិករណ៍នោះ ។ បទ ដ៏សេស គប្បីជ្រាបតាមន័យដែលពោលហើយនោះឯង ។