ធម្មវគ្គ
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះមានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺចេតោវិមុត្តិ ( រួចស្រឡះចាកអាសវៈដោយ អរហត្តផលសមាធិ ) ១ បញ្ញាវិមុត្តិ ( រួចស្រឡះចាកអាសវៈដោយ អរហត្តផលបញ្ញា ) ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយមានពីរយ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីផ្គូផ្គងចិត្ត ១ សេចក្តីមិនរាយមាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយមានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះមានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺនាម ១ រូប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ទាំងឡាយមានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះមានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺវិជ្ជា ១ វិមុត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ទាំងឡាយមានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះមានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺភវទិដ្ឋិ ១ វិភវទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះមានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីមិនខ្មាសបាប ១ សេចក្តីមិនខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយមានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះមានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ។ គឺសេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយមានពីរយ៉ាងនេះឯង ។