ពាលវគ្គ
ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះមានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលតែងទទួលភារៈដែលមិនទាន់មកដល់ ១ ជនពាលតែងមិនទទួលភារៈដែលមកដល់ហើយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ជនពាលទាំងឡាយមានពីរពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតតែងទទួលភារៈដែលមកដល់ហើយ ១ បណ្ឌិតមិនទទួលភារៈដែលមិនទាន់មកដល់ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ មានពីរពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ជនពាលនេះមានពីរពួក ។ ជនពាល ពីរពួក តើដូចម្តេច ។ គឺជនពាលមានសេចក្តីសម្គាល់ថា គួរក្នុងរបស់ដែល មិនគួរ ១ ជនពាលមានសេចក្តីសម្គាល់ថា មិនគួរក្នុងរបស់ដែលគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយមានពីរពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតមានសេចក្តីសម្គាល់ថា មិនគួរក្នុង របស់ដែលមិនគួរ ១ បណ្ឌិតមានសេចក្តីសម្គាល់ថា គួរក្នុងរបស់ដែលគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយមានពីរពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះមានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលមានសេចក្តីសម្គាល់ថា មានអាបត្តិក ្នុងអនាបត្តិ ១ ជនពាលមានសេចក្តីសម្គាល់ថា ឥតមានអាបត្តិក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយ មានពីរពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតសម្គាល់ថា ឥតមានអាបត្តិក្នុងអនាបត្តិ ១ បណ្ឌិតតែងសម្គាល់ថា មានអាបត្តិក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ មានពីរពួកនេះឯង ។