អាសាវគ្គ
តតិយបណ្ណាសក ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាពីរយ៉ាងនេះដែលបុគ្គល លះបានដោយកម្រ ។ សេចក្តីប្រាថ្នាពីរយ៉ាង តើដូចម្តេច ។ គឺប្រាថ្នាលាភ ១ ប្រាថ្នាជីវិត ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាពីរយ៉ាងនេះ បុគ្គល លះបានដោយកម្រ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រ ក្នុងលោក ។ បុគ្គលពីរពួក តើដូចម្តេច ។ គឺបុគ្គលដែលធ្វើឧបការៈទុកមុន ១ បុគ្គលដឹងឧបការៈដែលគេធ្វើហើយធ្វើតបវិញ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រ ក្នុងលោក ។ បុគ្គលពីរពួក តើដូចម្តេច ។ គឺបុគ្គលអ្នកឆ្អែត ( ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រព ) ១ បុគ្គលអ្នកឲ្យគេឆ្អែត ( ព្រះអរហន្តសម្មាសម្ពុទ្ធ ) ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយ កម្រក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបាន ដោយកម្រ ។ បុគ្គលពីរពួក តើដូចម្តេច ។ គឺបុគ្គលចេះតែលាក់ទុករបស់ ដែលបានមក ១ បុគ្គលដែលកញ្ជះកញ្ជាយរបស់ដែលរកបានមក ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយកម្រ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបាន ដោយងាយ ។ បុគ្គលពីរពួក តើដូចម្តេច ។ គឺបុគ្គលមិនលាក់ទុករបស់ ដែលរកបានមក ១ បុគ្គលមិនកញ្ជះកញ្ជាយរបស់ដែលរកបានមក ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយងាយ ។