អដ្ឋកថាសូត្រទី ១
ក្នុងសូត្រទី ១ នៃអាយាចនវគ្គទី ២ មានវិនិច្ឆ័យដូច្នេះ បទថា សទ្ធោ ភិក្ខវេ ភិក្ខុ ឯវំ សម្មា អាយាចនាមោ អាយាចេយ្យ សេចក្តីថា ភិក្ខុដែលមានសទ្ធា កាលនឹងសូម គឺប្រាថ្នាយ៉ាងនេះថា អញក៏ចូរ ដូចជាព្រះសារីបុត្តត្ថេរដោយបញ្ញា អញក៏ចូរដូចព្រះមោគ្គល្លានត្ថេរដោយឫទ្ធិ ដូច្នេះ ឈ្មោះថា គប្បីប្រាថ្នាដោយប្រពៃ ព្រោះប្រាថ្នាវត្ថុដែលមានបុណ្ណោះ ។ កាលប្រាថ្នាក្រៃលែងជាងនេះ គប្បីប្រាថ្នាខុស ព្រោះថា លះនូវការប្រាថ្នា ២ យ៉ាងចេញ ប្រាថ្នាបែបនេះ រមែងឈ្មោះថា ប្រាថ្នាខុស ព្រោះប្រាថ្នាវត្ថុដែល មិនមាន ។ ព្រោះហេតុអ្វី ។ បទថា ឯសា ភិក្ខវេ តុលា ឯតំ បមាណំ សេចក្តីថា ឧបមាដូចកាលថ្លឹងមាស ឬប្រាក់ គប្បីប្រើជញ្ជីង កាលវាល់ស្រូវ គប្បីប្រើគ្រឿងវាល់ ជញ្ជីងជាមាត្រដ្ឋានក្នុងការថ្លឹង គ្រឿងវាល់ជាមាត្រដ្ឋាន ក្នុងការវាល់ ដោយប្រការដូច្នេះ យ៉ាងណា សារីបុត្រ និងមោគ្គល្លាន ជាគ្រឿងថ្លឹង គ្រឿងវាល់ សម្រាប់ពួកភិក្ខុដែលជាសាវ័ករបស់តថាគត ទាញ យកលោកទាំង ២ នោះ ទើបអាចថ្លឹង ឬវាល់ខ្លួនថា អញក៏បុណ្ណោះដោយ ញាណ ដោយឫទ្ធិ ក្រៅអំពីនេះ មិនអាចថ្លឹង ឬវាល់បាន ។