អដ្ឋកថាចិន្តសូត្រទី ៣

ក្បាលទី 26 · ទំព័រ 463

ក្នុងចិន្តសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា ពាលលក្ខណានិ បានដល់ ដែលឈ្មោះថាពាលលក្ខណៈ ព្រោះជាគ្រឿងឲ្យ មនុស្សទាំងឡាយកំណត់ គឺដឹងបានថា បុគ្គលនេះជាបុគ្គលពាល ។ លក្ខណៈ ទាំងនោះឯងជាហេតុឲ្យស្គាល់បុគ្គលពាលនោះ ព្រោះហេតុនោះ ទើបឈ្មោះ ថា ជាគ្រឿងសម្គាល់របស់បុគ្គលពាល ។ បទថា ពាលាបទានានិ បាន ដល់ ការប្រព្រឹត្តរបស់បុគ្គលពាល ។ បទថា ទុច្ចិន្តិតចិន្តី សេចក្តីថា បុគ្គលពាល កាលគិត រមែងគិតតែរឿងមិនល្អដោយអំណាចអភិជ្ឈា ព្យាបាទ និងមិច្ឆាទិដ្ឋិ ។ បទថា ទុព្ភាសិតភាសី សេចក្តីថា កាលនឹងពោល ក៏រមែង ពោលតែពាក្យដែលមិនល្អ ចែកប្រភេទជាមុសាវាទជាដើម ។ បទថា ទុក្កដកម្មការី សេចក្តីថា កាលធ្វើ រមែងធ្វើតែវត្ថុដែលមិនល្អ ដោយអំណាច បាណាតិបាតជាដើម ។ បទថា បណ្ឌិតលក្ខណានិ ជាដើម គប្បីជ្រាបតាម ទំនងលក្ខណៈដែលពោលហើយនោះឯង ។ ឯបទទាំងឡាយ មានបទថា សុចិន្តិតចិន្តី ជាដើម ក្នុងសូត្រនេះ គប្បី ប្រកបដោយអំណាចនៃសុចរិតទាំងឡាយ មានមនោសុចរិតជាដើម ។