អដ្ឋកថាមលសូត្រទី ១០

ក្បាលទី 26 · ទំព័រ 468

ក្នុងមលសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ ភាវៈនៃ បុគ្គលទ្រុស្តសីល ឈ្មោះថា ទុស្សីល្យ ។ ទុស្សីល្យនោះឯង ជាមន្ទិល ទើប ឈ្មោះថា ទុស្សីល្យមល ។ សួរថា ដែលឈ្មោះថា មន្ទិល ព្រោះអត្ថដូចម្តេច ។ ឆ្លើយថា ព្រោះ អត្ថថា តាមដុត ១ ព្រោះអត្ថថា មានក្លិនស្អុយ ១ ព្រោះអត្ថថា ធ្វើឲ្យ សៅហ្មង ១ អធិប្បាយថា មន្ទិលនោះ តាមដុតសត្វក្នុងអបាយទាំងឡាយ មាននរកជាដើម ព្រោះដូច្នោះ ទើបឈ្មោះថា មន្ទិល ព្រោះអត្ថថា តាមដុត ។ បុគ្គលច្រើនដោយមន្ទិលនោះ ជាទីគួរង្កៀស ទាំងក្នុងសម្នាក់នៃមាតាបិតា ទាំងខាងក្នុងភិក្ខុសង្ឃ ទាំងក្នុងពោធិស្ថាន និងចេតិយដ្ឋាន និងក្លិន ដែលកើតអំពីភាពមិនល្អនៃបុគ្គលនោះ រមែងផ្សាយទៅគ្រប់ទិសថា បុគ្គល នោះធ្វើបាបកម្មបែបនេះ ហេតុនោះ ទើបឈ្មោះថា មន្ទិល ព្រោះអត្ថថា មានក្លិនស្អុយ ។ បុគ្គលច្រើនដោយមន្ទិលនោះ រមែងបានទទួលនូវការក្តៅក្រហាយក្នុង ទីដែលទៅដល់ និងកាយកម្មជាដើមនៃបុគ្គលនោះ ក៏មិនស្អាត មិនផូរផង់ ព្រោះហេតុនោះ ទើបឈ្មោះថា ជាមន្ទិល ព្រោះអត្ថថា ធ្វើឲ្យសៅហ្មង ។ ម្យ៉ាងទៀត មន្ទិលនោះ រមែងធ្វើទេវសម្បត្តិ មនុស្សសម្បត្តិ និង និព្វានសម្បត្តិឲ្យរីងស្ងួតទៅ ព្រោះហេតុនោះ គប្បីជ្រាបថាជាមន្ទិល ព្រោះ អត្ថថា ធ្វើឲ្យរីងស្ងួត ។ ក្នុងមន្ទិល គឺឥស្សា និងមន្ទិល គឺសេចក្តីកំណាញ់ ក៏មានន័យយ៉ាង នេះដូចគ្នា ។