អដ្ឋកថាញាតកសូត្រទី ១

ក្បាលទី 26 · ទំព័រ 491

គប្បីជ្រាបវិនិច្ឆ័យក្នុងញាតកសូត្រទី ១ នៃរថកាវគ្គទី ២ ដូច្នេះ បទថា ញាតកោ បានដល់ ភិក្ខុមានឈ្មោះបោះសំឡេង គឺមហាជនស្គាល់ ទួទៅហើយ បានដល់ ប្រាកដហើយ ។ បទថា អននុលោមិកេ សេចក្តីថា កាយកម្ម ឈ្មោះថា អននុលោមិក ព្រោះអត្ថថា មិនសមគួរដល់សាសនា ។ ក្នុងកាយកម្មដែលមិនសមនោះ ។ បទថា កាយកម្មេ បានដល់ ក្នុងកាយទុច្ចរិត មានបាណាតិបាតជាដើម ។ ម្យ៉ាងទៀត កាយទុច្ចរិតនោះ ជារបស់ គ្រោតគ្រាត តែភិក្ខុអាចនឹងបបួលឲ្យសមាទានក្នុងកាយទុច្ចរិតជាដើមនេះបាន គឺដឹកនាំឲ្យសមាទាន គឺឲ្យកាន់យកក្នុងកម្មបែបនេះថា ការបង្អោនទិសទាំងឡាយ សមគួរ ការធ្វើពលីកម្មឲ្យភូត រមែងគួរក្នុងវចីកម្ម មុសាវាទជាដើម ជារបស់គ្រោតគ្រាត តែភិក្ខុនោះនឹងបបួលឲ្យសមាទាន ក្នុងវចីកម្មបែបនេះថា ឈ្មោះថា ការពោលកុហកដល់បុគ្គលល្ងង់នេះថា មិនមាន ព្រោះមិនបំណង នឹងឲ្យរបស់ខ្លួនទៅអ្នកដទៃ ក៏គួរពោលបាន ។ ក្នុងមនោកម្ម អភិជ្ឈាជាដើម ជារបស់គ្រោតគ្រាត តែភិក្ខុកាលប្រាប់កម្មដ្ឋានខុស ក៏មិនឈ្មោះថា ដឹកនាំឲ្យ សមាទានក្នុងមនោកម្មដែលសមគួរ ដូចព្រះថេរៈក្នុងទក្ខិណវិហារ ដូច្នោះ ។ បានឮថា កូនរបស់នាហ្មឺនម្នាក់ ចូលទៅរកព្រះថេរៈនោះ ហើយសួរថា បុគ្គលកាលចម្រើនមេត្តា គួរចម្រើនមេត្តាក្នុងបុគ្គលដូចម្តេចមុន ។ ព្រះថេរៈ មិនព្រមប្រាប់ដល់បុគ្គលដែលជាសភាគគ្នានិងគ្នា តែបែរជាប្រាប់ថា ក្នុងបុគ្គល ដែលជាទីស្រឡាញ់ ។ កូនរបស់នាហ្មឺននោះ មានភរិយាជាទីស្រឡាញ់ គាត់ ចម្រើនមេត្តាទៅរកនាងបណ្តើរ ដល់នូវការបាត់បង់សតិ ។ សួរថា ភិក្ខុដែល ប្រាប់កម្មដ្ឋាននេះ ជាអ្នកបដិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនដូចម្តេច ។