អដ្ឋកថាភិក្ខុសូត្រទី ៣

ក្បាលទី 26 · ទំព័រ 496

គប្បីជ្រាបវិនិច្ឆ័យក្នុងភិក្ខុសូត្រទី ៣ ដូចតទៅនេះ បទថា សន្តោ ប្រែថា មាន គឺរកបាន ។ បទថា សំវិជ្ជមានា ជាវេវចនៈនៃបទថា សន្តោ នោះឯង ។ បទថា លោកស្មឹ បានដល់ ក្នុងសត្វលោក ។ បទថា និរាសោ បានដល់ បុគ្គលមិនមានសង្ឃឹម គឺមិនមានប្រាថ្នា ។ បទថា អាសំសោ បានដល់ បុគ្គលនៅមានសង្ឃឹម គឺនៅប្រាថ្នា ។ បទថា វីគតាសោ បានដល់ បុគ្គលដកនូវការសង្ឃឹមហើយ ។ បទថា ចណ្ឌាលកុលេ បានដល់ ក្នុងត្រកូលរបស់មនុស្សចណ្ឌាលទាំងឡាយ ។ បទថា វេណកុលេ បានដល់ ក្នុងត្រកូលរបស់ជាងផែង ។ បទថា នេសាទកុលេ បានដល់ ក្នុងត្រកូលរបស់នាយព្រាន ។ បទថា រថការកុលេ បានដល់ ក្នុងត្រកូលជាងស្បែក ។ បទថា បុក្កុសកុលេ បានដល់ ត្រកូលរបស់អ្នក ចាក់សំរាម ។ កាលទ្រង់សម្តែងវិបត្តិរបស់ត្រកូល ដោយហេតុប្រមាណបុណ្ណេះហើយ ឥឡូវនេះ ព្រោះហេតុដែលបុគ្គលពួកខ្លះ សូម្បីកើតក្នុងត្រកូលទាប ក៏គង់ ស្តុកស្តម្ភ មានទ្រព្យច្រើន តែបុគ្គលដែលមិនមានសង្ឃឹមនេះ មិនមែនដូច្នោះ ឡើយ ដូច្នោះ ដើម្បីទ្រង់សម្តែងដល់វិបត្តិនៃភោគៈនៃបុគ្គលនោះ ទើបត្រាស់ ពាក្យថា ទលិទ្ទេ ជាដើម ។ បណ្តាបទទាំងនោះ បទថា ទលិទ្ទេ បានដល់ ដែលប្រកបដោយភាពជា អ្នកតោកយ៉ាក ។ បទថា អប្បន្នបនភោជនេ បានដល់ ត្រកូលដែល មានបាយទឹក និងរបស់បរិភោគតិច ។ បទថា កសិរវុត្តិកេ បានដល់ ត្រកូលដែលមានការចិញ្ចឹមជីវិតលំបាក អធិប្បាយថា ក្នុងត្រកូលដែល មនុស្សទាំងឡាយ ប្រើសេចក្តីព្យាយាមប្រឹងប្រែងក្រៃលែងដើម្បីចិញ្ចឹមជីវិត ។