អដ្ឋកថាចក្កវត្តិសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងចក្កវត្តិសូត្រទី ៤ ដូចតទៅនេះ ដែល ឈ្មោះថា រាជា ព្រោះអត្ថថា ធ្វើប្រជាជនឲ្យស្រឡាញ់ដោយសង្គហវត្ថុ ៤ ។ ដែលឈ្មោះថា ចក្រពត្តិ ព្រោះអត្ថថា ធ្វើចក្រឲ្យវិលទៅ ។ ដែលឈ្មោះថា ធម្មិក ព្រោះអត្ថថា មានធម៌ ។ ដែលឈ្មោះថា ធម្មរាជា ព្រោះអត្ថថា ទ្រង់ជាព្រះរាជាដោយធម៌នោះឯង គឺដោយចក្រពត្តិវត្ត ១០ ប្រការ ។ បទថា សោបិ ន អរាជកំ សេចក្តីថា ស្តេចចក្រពត្តិនោះ កាលមិនបានព្រះរាជាដទៃ ដែលជាទីអាស្រ័យ ក៏ទ្រង់មិនអាចលែងចក្រទៅបាន ។ ព្រះសាស្តា ទ្រង់ផ្តើមទេសនាយ៉ាងនេះហើយ ទ្រង់បាននៅស្ងៀម ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះទ្រង់ព្រះតម្រិះថា ភិក្ខុទាំងឡាយដែល ជាអ្នកឈ្លាសក្នុងអនុសន្ធិ ក្រោកឡើងសួរអនុសន្ធិ ទាក់ទងដោយក្នុងទីនេះ មានភិក្ខុទំនងនោះច្រើន ហើយតថាគត កាលភិក្ខុទាំងនោះសួរហើយ ទើប ពង្រីកទេសនា ។ រំពេចនោះ ភិក្ខុដែលឈ្លាសក្នុងអនុសន្ធិមួយរូប កាលត្រូវ ទូលសួរព្រះមានព្រះភាគ ទើបក្រាបទូលពាក្យថា កោ បន ភន្តេ ដូច្នេះ ជាដើម ។ ឯព្រះមានព្រះភាគ កាលទ្រង់ព្យាករដល់ភិក្ខុនោះ ទើបត្រាស់ ពាក្យថា ធម្មោ ភិក្ខុ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ធម្មោ បានដល់ ធម៌ គឺកុសលកម្មបថ ១០ ប្រការ ។ បទថា ធម្មំ បានដល់ ធម៌ មានប្រការដូចពោលហើយនោះ ឯង ។ បទថា និស្សាយ បានដល់ ធ្វើធម៌នោះឯងឲ្យជាទីអាស្រ័យដោយ ចិត្តដែលជាទីតាំងនៃធម៌នោះ ។ បទថា ធម្មំ សក្ករោន្តោ សេចក្តីថា ធម៌ ដែលខ្លួនធ្វើសក្ការៈហើយនោះឯង រមែងឈ្មោះថា ធ្វើដោយល្អដោយប្រការណា ក៏ធ្វើដោយប្រការនោះឯង ។