អដ្ឋកថាបចេតនសូត្រទី ៥

ក្បាលទី 26 · ទំព័រ 507

គប្បីជ្រាបវិនិច្ឆ័យក្នុងបចេតនសូត្រទី ៥ ដូចតទៅនេះ បទថា ឥសិបតនេ សេចក្តីថា ជាទីដែលពួកឥសីពោល គឺព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ យាងមកសម្រាក ដើម្បីប្រកាសធម្មចក្រ និងដើម្បីធ្វើឧបោសថ អធិប្បាយ ថា ជាទីប្រជុំ ។ បាឋៈថា បទនេ ដូច្នេះក៏មាន ។ អត្ថក៏យ៉ាងនេះដូចគ្នា ។ បទថា មិគទាយេ សេចក្តីថា ក្នុងព្រៃដែលព្រះរាជទានដើម្បីឲ្យជាទីដែល មិនមានភ័យសម្រាប់ម្រឹគទាំងឡាយ ។ បទថា ឆហិ មាសេហិ ឆារត្តូនេហិ សេចក្តីថា បានឮថា ជាងរថនោះ រៀបចំឧបករណ៍គ្រប់ប្រភេទ ហើយចូលព្រៃ មួយអន្លើដោយអន្តេវាសិក ក្នុង ថ្ងៃដែលបានទទួលព្រះបរមរាជឱង្ការនោះឯង វៀរតែដើមឈើដែលដុះតាមទ្វារ ស្រុក កណ្តាលស្រុក ទេវស្ថាន និងស្មសានជាដើម និងដើមឈើដែលត្រូវ ភ្លើងឆេះ ដើមឈើរលំ និងដើមឈើងាប់ ជ្រើសរើសរកតែដើមឈើដែលដុះ ក្នុងទីដែលល្អ ប្រាសចាកទោសទាំងអស់ សមគួរប្រើធ្វើដុំ កាំ និងខ្នងកង់ បាន មកធ្វើជាកង់រថនោះ កាលជាងឈើជ្រើសយកតែដើមឈើមកធ្វើជាកង់ រថនោះ វេលាបុណ្ណេះ ៦ ខែ ខ្វះ ៦ រាត្រី ក៏កន្លងហួសទៅ ដោយហេតុ នោះ ទើបព្រះមានព្រះភាគត្រាស់ថា ឆហិ មាសេហិ ឆារត្តូនេហិ ដូច្នេះ ។ បទថា នានាករណំ បានដល់ ការផ្សេងគ្នា ។ បទថា នេសំ កាត់ បទជា ន ឯសំ ប្រែថា ខ្ញុំមើលមិនឃើញការប្លែកផ្សេងគ្នានៃកង់ទាំងនោះ ។ បទថា អត្ថេសំ កាត់បទជា អត្ថិ ឯសំ ប្រែថា បពិត្រសម្មតិទេព កង់ទាំង ២ នោះ មានការប្លែកផ្សេងគ្នា ។ បទថា អភិសង្ខារស្ស គតិ បានដល់ ការវិលទៅ ។ បទថា ចិង្គុលាយិត្វា ប្រែថា ដួលផ្អៀង ។ បទថា អក្ខាហតំ មញ្ញេ សេចក្តីថា ដូចសកចូលទៅខ្ទាស់ក្នុងភ្លៅ ។ បទថា សទោសា សេចក្តីថា មានពក គឺប្រកបដោយទីខ្ពស់ខ្លះ ទាបខ្លះ ។