បុគ្គលវគ្គ
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះសវិដ្ឋៈដ៏មាន អាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយក៏ ពោលពាក្យរាក់ទាក់ជាមួយនឹងព្រះសារីបុត្តដ៏មាន អាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះសវិដ្ឋៈដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួររួចហើយ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោសវិដ្ឋៈ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក ។ បុគ្គល ៣ ពួក តើដូចម្តេច ។ គឺកាយសក្ខី ( មានកាយជាបន្ទាល់ ) ១ ទិដ្ឋិប្បត្ត ( ដល់ដោយទិដ្ឋិ គឺបញ្ញា ) ១ សទ្ធាវិមុត្ត ( រួចចាកកិលេសដោយសទ្ធា ) ១ ។ ម្នាលអាវុសោ បុគ្គល ៣ នេះឯង រមែងមាននៅក្នុងលោក ។ ម្នាលអាវុសោ បណ្តាបុគ្គលទាំង ៣ ពួកនេះ បុគ្គលដូចម្តេច ដែលល្អជាង និងឧត្តមជាង ដែលគាប់ចិត្តលោក ។ ម្នាលអាវុសោសារីបុត្ត បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក ។ បុគ្គល ៣ ពួក តើដូចម្តេច ។ គឺកាយសក្ខី ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១ ។ ម្នាលអាវុសោ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក ។ ម្នាល អាវុសោ បណ្តាបុគ្គល ៣ ពួកនេះ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលទាំង ៣ ពួកនេះ បុគ្គលនេះល្អជាង និងឧត្តមជាង រមែងគាប់ចិត្តខ្ញុំ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអាវុសោ ដ្បិតថា សទិ្ធន្ទ្រិយរបស់បុគ្គលនេះមាន ប្រមាណច្រើនក្រៃពេក ។ លំដាប់នោះឯង ព្រះសារីបុត្តដ៏មានអាយុបានពោល នឹងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក ។ បុគ្គល ៣ ពួក តើដូចម្តេច ។