អដ្ឋកថាគិលានសូត្រទី ២
គប្បីជ្រាបវិនិច្ឆ័យក្នុងគិលានសូត្រទី ២ ដូចតទៅនេះ បទថា សប្បាយានិ បានដល់ ជាប្រយោជន៍ គឺធ្វើសេចក្តីចម្រើនឲ្យខ្ពស់ឡើង ។ បទថា បដិរូបំ ប្រែថា សមគួរ ។ ដោយបទថា នេវ វុដ្ឋាតិ តម្ហា អាពាធា នេះ ព្រះមានព្រះភាគត្រាស់ដល់អ្នកជំងឺដែលចូលដល់លំដាប់ទី ៣ ហើយប្រកបដោយរោគខ្យល់ និងរោគឆ្កួតជ្រូកជាដើម ដែលរក្សាមិនបាន ។ បទថា វុដ្ឋាតិ តម្ហា អាពាធា នេះ ព្រះមានព្រះភាគត្រាស់ដល់អាពាធតិចតួច ចែកប្រភេទជារោគក្អួតចង្អោរ រមាស់ និងគ្រុន ដោយរដូវប្រែប្រួល ជាដើម ។ ដោយបទថា លភន្តោ សប្បាយានិ ភោជនានិ នោ អលភន្តោ នេះ ព្រះមានព្រះភាគត្រាស់ដល់អាពាធគ្រប់ប្រភេទ ដែលជាសះស្បើយបាន ដោយការព្យាបាល ។ ក្នុងសូត្រនេះ ដែលឈ្មោះថា ឧបដ្ឋាក ដែលសមគួរ នោះ គប្បីជ្រាបថា បានដល់ បុគ្គលដែលឈ្លាស មិនខ្ជិលច្រអូស ប្រកបដោយ អង្គនៃបុគ្គលព្យាបាលជំងឺ ។ បទថា គិលានុប្បដ្ឋាកោ អនុញ្ញាតោ បានដល់ គិលានុដ្ឋាកដែល ទ្រង់អនុញ្ញាតថា ភិក្ខុសង្ឃគប្បីឲ្យ ។ អធិប្បាយថា កាលភិក្ខុឈឺនោះ មិន អាចព្យាបាលតាមធម្មតារបស់ខ្លួនបាន ភិក្ខុសង្ឃត្រូវប្រគល់ភិក្ខុមួយរូប និង សាមណេរមួយរូបដល់លោកថា សូមលោម្ចាស់បដិបត្តិភិក្ខុនេះ ។ អស់កាល ដែលភិក្ខុ និងសាមណេរដែលឧបដ្ឋាកទាំង ២ នោះ បដិបត្តិភិក្ខុឈឺនោះ ភិក្ខុ ឈឺក្តី បុគ្គលបដិបត្តិទាំង ២ នោះក្តី ត្រូវការវត្ថុណា វត្ថុទាំងអស់នោះ ជាភារៈនៃភិក្ខុសង្ឃទាំងអស់ ។ បទថា អញ្ញេបិ គិលានា ឧបដ្ឋាតព្វា សេចក្តីថា បុគ្គលអ្នកឈឺ ក្រៅពីនេះ សង្ឃក៏គួរឧបដ្ឋាក ។