អដ្ឋកថាសេវតព្វសូត្រទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងសេវិតព្វសូត្រទី ៦ ដូចតទៅនេះ បទថា សេវិតព្វោ បានដល់ គប្បីចូលទៅរក ។ បទថា ភជិតព្វោ បានដល់ គប្បី គប់រក ។ បទថា បយិរុបសិតព្វោ បានដល់ គប្បីចូលទៅរឿយៗ ដោយ ការអង្គុយក្នុងទីជិត ។ បទថា សក្កត្វា គរុកត្វា សេចក្តីថា ធ្វើទាំងសក្ការៈ និងការគោរព ។ ក្នុងបទថា ហីនោ ហោតិ សីលេន ជាដើម គប្បីជ្រាបការទាបជាងគ្នា ដោយការប្រៀបធៀបោ អធិប្បាយថា ក្នុងបណ្តាបុគ្គលទាំងនោះ បុគ្គលរក្សា សីល ១០ មិនគួរគប់រកអ្នករក្សាសីល ៥ បុគ្គលអ្នករក្សាចតុប្បារិសុទ្ធិសីល មិនគួរគប់រកអ្នករក្សាសីល ១០ ។ បទថា អញ្ញត្រ អនុទយា អញ្ញត្រ អនុកម្បា សេចក្តីថា ក្រៅអំពីអាណិតអាសូរ និងអនុគ្រោះ ព្រោះថា ដើម្បីប្រយោជន៍ខ្លួន ហើយក៏មិនគួរគប់រកបុគ្គលបែបនេះ ។ តែបុគ្គលនោះ ចូលទៅរកបុគ្គលនោះដោយការអាណិតអាសូរ ដោយអនុគ្រោះក៏គួរ ។ បទថា សីលសាមញ្ញគតានំ សតំ សេចក្តីថា ដល់យើងទាំងឡាយ ដែលដល់នូវភាពជាអ្នកមានសីលស្មើគ្នាមាន ។ បទថា សីលកថា ច នោ ភវិស្សតិ សេចក្តីថា កថាប្រារព្ធសីលនោះឯង នឹងមានដល់យើងទាំងឡាយ ដែលមានសីលស្មើគ្នាយ៉ាងនេះ ។ បទថា សា ច នោ បវត្តនី ភវិស្សតិ សេចក្តីថា កថារបស់ពួកយើងទាំងឡាយដែលនិយាយគ្នា សូម្បីអស់មួយថ្ងៃ នឹងប្រព្រឹត្តទៅ គឺមិនដាច់រយៈ ។ បទថា សា ច នោ ផាសុភវិស្សតិ សេចក្តីថា សីលកថាដែលប្រព្រឹត្តទៅអស់មួយថ្ងៃនោះ នឹងជាការនៅដោយ ផាសុករបស់យើងទាំងឡាយ ។ ក្នុងសមាធិប្បញ្ញាកថា ក៏មានន័យដូចគ្នានេះឯង ។