អដ្ឋកថាគូថភាណីសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងគូថភាណីសូត្រទី ៨ ដូចតទៅនេះថា បុគ្គលណា ពោលពាក្យបញ្ជូនក្លិនស្អុយដូចលាមក បុគ្គលនោះ ឈ្មោះថា គូថភាណី ។ បុគ្គលណាពោលពាក្យបញ្ជូនក្លិនក្រអូបដូចផ្កា បុគ្គលនោះ ឈ្មោះថា បុប្ផភាណី ។ បុគ្គលណាពោលពាក្យផ្អែម ដូចទឹកឃ្មុំ បុគ្គលនោះ ឈ្មោះថា មធុភាណី ។ បទថា សភាគតោ គឺនៅក្នុងសភា ។ បទថា បរិសគតោ គឺនៅក្នុងពួកអ្នកស្រុក ។ បទថា ញាតិមជ្ឈគតោ គឺនៅកណ្តាលទាយាទ ទាំងឡាយ ។ បទថា បូគមជ្ឈគតោ គឺនៅកណ្តាលសេនាទាំងឡាយ ។ បទថា រាជកុលមជ្ឈគតោ គឺនៅកណ្តាលរាជត្រកូល គឺក្នុងកណ្តាលព្រះ មន្ទីរសម្រាប់វិនិច្ឆ័យរបស់ព្រះរាជា ។ បទថា អភិនីតោ គឺនាំទៅដើម្បី សាកសួរ ។ បទថា សក្ខិបុដ្ឋោ គឺត្រូវគេឲ្យធ្វើជាបន្ទាល់ដល់ការសាកសួរ ។ បទថា ឯវំ ភោ បុរិស នេះ ជាអាលបនៈ ។ បទថា អត្តហេតុ វា បរហេតុ វា បានដល់ ព្រោះហេតុនៃអវ័យវៈ មានដៃ និងជើងជាដើមរបស់ខ្លួន ឬ របស់បុគ្គលដទៃ ។ លាភ លោកបំណងយកអាមិស ក្នុងបទថា អាមិសកិញ្ចិក្ខហេតុ វា នេះ ។ បទថា កិញ្ចិក្ខំ បានដល់ វត្ថុតិចតួច គឺរបស់តូច តាច អធិប្បាយថា ហេតុនៃអាមិស ដោយហោចសូម្បីត្រឹមតែសត្វទទា ក្រួច ដុំសប្បិ និងដុំនវនីតជាដើម ។ បទថា សម្បជានមុសា ភាសិតា ហោតិ សេចក្តីថា ពោលមុសាវាទទាំងដឹងខ្លួន ។ ទោស ហៅថា ឯឡ ក្នុងបទថា នេលា ។ វាចា ឈ្មោះថា នេលា ព្រោះអត្ថថា មិនមានទោស អធិប្បាយថា អស់ទោស ។ វាចាមិនមានទោស ដូចសីលដែលព្រះមានព្រះភាគត្រាស់ក្នុង គាថានេះថា នេលង្គោ សេតបច្ឆាទោ ។ វាចា ឈ្មោះថា កណ្ណសុខា បានដល់ វាចាដែលពីរោះដល់ត្រចៀក ព្រោះមានព្យញ្ជនៈពីរោះ វាចានោះ មិនឲ្យកើតការទាស់ត្រចៀក ដូចប្រើម្ជុល ចាក់ ដូច្នោះ ។