អដ្ឋកថាអន្ធសូត្រទី ៩

ក្បាលទី 26 · ទំព័រ 570

គប្បីជ្រាបវិនិច្ឆ័យក្នុងអន្ធសូត្រទី ៩ ដូចតទៅនេះ បទថា ចក្ខុ ន ហោតិ បានដល់ មិនមានបញ្ញាចក្ខុ ។ បទថា ផាតឹ ករេយ្យ សេចក្តីថា គប្បីធ្វើភោគៈឲ្យមាំទាំ គឺឲ្យចម្រើន ។ បទថា សាវជ្ជានវជ្ជេ បានដល់ ធម៌ដែលប្រកបដោយទោស និងមិនប្រកបដោយទោស ។ បទថា ហីនប្បណីតេ បានដល់ ធម៌ជាន់ទាប និងជាន់ខ្ពស់ ។ បទថា កណ្ហសុក្កសប្បដិភាគេ សេចក្តីថា ធម៌ខ្មៅ និងធម៌សនោះឯង ។ ព្រះមានព្រះភាគ ត្រាស់ថា មានភាពជាបដិភាគគ្នា ព្រោះជាបដិបក្ខចំពោះគ្នា ព្រោះប្រឆាំង គ្នានិងគ្នា ។ ក្នុងបទនេះ មានសេចក្តីសង្ខេបដូចតទៅនេះ បុគ្គលគប្បីស្គាល់ កុសលធម៌ថា ជាកុសលធម៌ ។ គប្បីស្គាល់អកុសលធម៌ថា ជាអកុសលធម៌ ក្នុងបទជាដើមថា ធម៌ដែលមានទោសជាដើម ក៏ន័យនេះឯង ។ ឯក្នុងធម៌ ដែលមានភាពជាបដិភាគគ្នា ទាំងធម៌ខ្មៅ និងធម៌ស ធម៌ខ្មៅ បុគ្គលគប្បី ដឹងថា មានភាពជាបដិភាគជាមួយធម៌ស ធម៌ស បុគ្គលគប្បីដឹងថា ជាបដិភាគ ជាមួយធម៌ខ្មៅ ដោយបញ្ញាចក្ខុណា ចក្ខុបែបនោះនៃបុគ្គលនោះមិនមាន អ្នកសិក្សា គប្បីជ្រាបដោយអត្ថក្នុងវារៈដ៏សេស ដោយន័យដូចពោលមកនេះឯង ។ បទថា ន ចេវ ភោគា តថា រូប សេចក្តីថា ភោគៈប្រភេទនោះ រមែង មិនមានដល់បុគ្គលនោះ ។ បទថា ន ច បុញ្ញានិ កុព្វតិ សេចក្តីថា បុគ្គលរមែងធ្វើបុណ្យដោយពាក្យមានប្រមាណបុណ្ណេះ ដែលត្រាស់ដល់ការ មិនមាននៃចក្ខុដែលជាហេតុឲ្យភោគៈកើតឡើង និងចក្ខុដែលធ្វើឲ្យកើត ញាណ ។ បទថា ឧភយត្ថ កលិគ្គហោ បានដល់ ប្រកាន់ខុស អធិប្បាយ ថា គប្បីកាន់យកខុសក្នុងលោកទាំង ២ គឺក្នុងលោកនេះ និងក្នុងលោកខាងមុខ ។