អដ្ឋកថា ព្រហ្មសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១ ដូច្នេះ បទថា អជ្ឈាគារេ បានដល់ ក្នុងផ្ទះរបស់ខ្លួន ។ បទថា បូជិតា ហោន្តិ សេចក្តីថា មាតាបិតា ជាបុគ្គលដែលបុត្រគប្បីបដិបត្តិបម្រើដោយទ្រព្យដែលនៅក្នុងផ្ទះ ។ ព្រះមានព្រះភាគ កាលទ្រង់ប្រកាសត្រកូលដែលបូជាមាតាបិតា ថាជា ត្រកូលមានព្រហ្ម ដោយមានមាតាបិតាជាព្រហ្មយ៉ាងនេះហើយ ឥឡូវនេះ កាលទ្រង់សម្តែងដល់មាតាបិតាទាំងនោះ ថាជាបុព្វាចារ្យជាដើម ទើបត្រាស់ ពាក្យជាដើមថា សបុព្វាចរិយកានិ មានបុព្វាចារ្យ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ព្រហ្មា ជាដើម ព្រះមានព្រះភាគត្រាស់ដើម្បីឲ្យសម្រេចភាពជា ព្រហ្មជាដើមដល់ត្រកូលទាំងនោះ ។ បទថា ពហុការា បានដល់ មាន ឧបការៈច្រើនដល់កូនទាំងឡាយ ។ បទថា អាបទកា បានដល់ ថ្នមជីវិត ។ អធិប្បាយថា មាតាបិតាថ្នមថែជីវិតកូន គឺចិញ្ចឹម ផ្គត់ផ្គង់ បានដល់ ឲ្យ ប្រព្រឹត្តទៅជាប់គ្នា ។ បទថា បេសកា សេចក្តីថា ចិញ្ចឹមបីបាច់ឲ្យដៃជើង ធំធាត់ ឲ្យបៅឈាមក្នុងទ្រូង ។ បទថា ឥមស្ស លោកស្ស ទស្សេតារោ សេចក្តីថា ព្រោះឈ្មោះថា ការដែលបុត្រទាំងឡាយបានឃើញឥដ្ឋារម្មណ៍ និង អនិដ្ឋារម្មណ៍ក្នុងលោកនេះ កើតមានឡើង ព្រោះបានអាស្រ័យមាតា បិតា ព្រោះហេតុនោះ ទើបមាតាបិតា ឈ្មោះថា ជាអ្នកឲ្យកូនឃើញនូវលោកនេះ ។ ពាក្យថា ព្រហ្ម ក្នុងបទគាថាថា ព្រហ្មាតិ មាតាបិតរោ នេះ ជា ឈ្មោះនៃបុគ្គលដែលប្រសើរបំផុត ។ ព្រហ្មនឹងមិនលះភាវនា ៤ យ៉ាង គឺ មេត្តា ករុណា មុទិតា ឧបេក្ខា យ៉ាងណា មាតាបិតាទាំងឡាយ ក៏ដូច្នោះដូចគ្នា នឹងមិនលះភាវនា ៤ ក្នុងបុត្រទាំងឡាយ ភាវនា ៤ នោះ គប្បីជ្រាប តាមរយៈកាលដូចតទៅនេះ អធិប្បាយថា ក្នុងវេលាដែលបុត្រនៅក្នុងផ្ទៃ មាតាបិតា នឹងកើតមេត្តា ចិត្ត